ព័ត៌មានបច្ចេកវិទ្យា

អ្នកវិភាគ៖ iPhone 7 ខ្វះលក្ខណៈសម្បត្តិទាក់ទាមចិត្តម្ចាស់ Note 7 ឱ្យងាកចេញពីផលិតផល Samsung

លោក Stephen Baker អ្នកវិភាគ Hardware ល្បីឈ្មោះម្នាក់ បានថ្លែងប្រាប់កាសែត The Wall Street Journal កាលពីពេលថ្មីៗនេះថា ទូរស័ព្ទដៃ iPhone 7 របស់ក្រុមហ៊ុន Apple ពុំមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ក្នុងការថ្ពក់ចិត្តអតិថិជនរបស់ក្រុមហ៊ុន Samsung ចំពោះមុខវិបត្តិ Galaxy Note 7 ខណៈមនុស្សជាច្រើនជឿថា Apple អាចទាញយកផលប្រយោជន៍ពីរឿងនេះ បានយ៉ាងងាយស្រួលនោះ។

នាយករងក្រុមហ៊ុនវិភាគវិស័យបច្ចេកវិជ្ជារូបនេះ បាននិយាយថា៖ «ដោយសារតែ iPhone 7 មិនមានលក្ខណៈសម្បត្តិសំខាន់ៗល្អគ្រប់គ្រាន់ ទើបអតិថិជន Note 7 ជ្រើសរើសផលិតផលទូរស័ព្ទលំដាប់កំពូលផ្សេងទៀតរបស់ក្រុមហ៊ុន Samsung ដោយមិនងាកមកប្រើប្រាស់ iPhone 7 ឬ 7 Plus»។
លោកបានបន្ថែមថា អ្នកប្រើប្រាស់ភាគច្រើនដែលបានទិញ ឬចង់ទិញ Galaxy Note 7 ដែលមានបញ្ហាថ្មធ្ងន់ធ្ងរ បានជ្រើសរើស Galaxy S7/ S7 Edge របស់ Samsung ហើយនេះសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង អាចប្រឈមមុខតទល់ជាមួយគូប្រជែងក្រុមហ៊ុនផលិតទូរស័ព្ទ Android ផ្សេងៗ រួមទាំងក្រុមហ៊ុន Apple ផងដែរ ដោយសារតែផលិតផល iPhone ក្នុងឆ្នាំ ២០១៦ ខ្វះលក្ខណៈសម្បត្តិខ្លាំងៗ។

ជាមួយគ្នានេះ ក្រុមហ៊ុន Apple ទើបប្រកាសកាត់បន្ថយចង្វាក់ផលិតកម្ម iPhone របស់ខ្លួន ១០% ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៧ ដោយលើកហេតុផលបញ្ហាស្តុក។
កាលពីខែសីហា កន្លងទៅនេះដែរ Apple បានសម្រេចមិនប្រកាសចេញតួលេខនៃការលក់ iPhone 7 និង 7 Plus សម្រាប់មួយសប្តាហ៍ដំបូង ទៅឱ្យសាធារណជនបានដឹងនោះទេ ដោយសារតែលទ្ធផលរបស់វាមានការធ្លាក់ចុះ ខុសពីក្រុមហ៊ុន Samsung ដែលបានប្រកាសបញ្ឈប់ការលក់ Galaxy Note 7 ទូទាំងពិភពលោកនៅដើមខែតុលា។

អ្នកជំនាញខាងវិភាគមួយរូបទៀត គឺលោក Chetan Sharma ក៏បានយល់ស្របចំពោះការលើកឡើងរបស់លោក Baker និងបានបន្ថែមថា iPhone 7 ខ្វះលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទាក់ទាញចិត្តរបស់អ្នកប្រើប្រាស់ Note 7 ឱ្យងាកចេញពីត្រកូល Galaxy ដទៃ៕
ប្រភពព័ត៌មាន៖ reuters, macrumors

មតិយោបល់