ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Samsung ប្រកាសបើកសន្និសីទកាសែតស្តីពីបញ្ហា Note 7 ថ្ងៃអាទិត្យនេះហើយ!

ក្រុមហ៊ុន Samsung បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា ខ្លួននឹងចែករំលែកលទ្ធផលផ្សេងៗដែលទទួលបានមកពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែរបស់ខ្លួន ជុំវិញបញ្ហាដែលបានកើតឡើងចំពោះ Galaxy Note 7 ក្នុងសន្និសីទសារព័ត៌មានមួយ ដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២២ ខែមករា ម៉ោង ៨ យប់ (ម៉ោងក្នុងតំបន់)។

ក្រុមហ៊ុនបានឱ្យដឹងបន្ថែមក្នុងសេចក្តីថ្លែងការមួយថា៖ «តាមរយៈសន្និសីទនោះ ក្រុមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ព្រមជាមួយក្រុមអ្នកស៊ើបអង្កេតឯករាជ្យ នឹងធ្វើការចែករំលែកប្រភពនៃបញ្ហាផ្ទុះឆេះ Galaxy Note 7 ការជជែកវែកញែកអំពីលទ្ធផលដែលបានរកឃើញ ហើយនិងប្រកាសឱ្យដឹងពីវិធានការថ្មីៗ ដែលខ្លួនបានអនុវត្តដើម្បីឆ្លើយតបចំពោះឧប្បត្តិវហេតុកន្លងមក»។

ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះ បានបន្ថែមថា នៅឯសន្និសីតកាសែតនោះ ក៏នឹងមានការផ្សាយផ្ទាល់លើគេហទំព័រ Samsung ជាភាសាអង់គ្លេស ហើយវានឹងបិទបញ្ចប់រាល់ការទាញសេចក្តីសន្និដ្ឋានផ្សេងៗ ពីសំណាក់ក្រុមអ្នកវិភាគ អ្នកស៊ើបអង្កេត និងព័ត៌មានចចាមអារ៉ាមនានា ដែលបានចុះផ្សាយកន្លងមកផងដែរ។

ក្រុមហ៊ុន Samsung ទំនងជាសង្ឃឹមថា ការទម្លាយលទ្ធផលដែលទទួលបានពីការស៊ើបអង្កេតទៅដល់សាធារណៈជន នឹងជួយបញ្ចប់រឿងអាស្រូវរបស់ Note 7 ហើយខ្លួននឹងអាចផ្តោតការយកចិត្តទុកដាក់ទៅលើកំពូលស្មាតហ្វូនជំនាន់បន្ទាប់ គឺ Galaxy S8 ដែលគ្រោងប្រកាសចេញនាពេលឆាប់ៗខាងមុខ៕

ប្រភពព័ត៌មាន៖ mashable

 

មតិយោបល់