ព័ត៌មានបច្ចេកវិទ្យា

LG G6 នឹងបំពាក់អេក្រង់ធំជាង iPhone 7 Plus តែប៉ុន iPhone 7

នៅក្នុងលិខិតអញ្ជើញមួយផ្ញើទៅកាន់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងព្រឹត្តិការណ៍ MWC ថ្ងៃទី ២៦ កុម្ភ: ក្រុមហ៊ុន LG បានរំលេចខ្នាតអេក្រង់របស់កំពូលទូរសព្ទដៃត្រកូល G ជំនាន់ទី ៦ ជាមួយពាក្យថា «អេក្រង់ធំល្មមនឹងដៃអ្នក»។

LG G6 ត្រូវបានព័ត៌មានក្រៅផ្លូវការកន្លងមកបានទម្លាយឱ្យដឹងថា វាមានទំហំ ៥.៧ អីុញ គឺធំជាងអេក្រង់របស់ iPhone 7 Plus ដែលទំហំ ៥.៥ អីុញ ប៉ុន្តែ បើតាមរូបភាពបង្ហើបនៅលើលិខិតអញ្ជើញនោះ គឺវាមានទំហំតូចល្មមនឹងកាន់ក្នុងបាតដៃ ប្រហាក់ប្រហែលនឹង​ iPhone 7 ដោយសារតែវាប្រើវិមាត្រអេក្រង់ ៩:១៨ (ទទឹង ៩ អីុញ, បណ្តោយ ១៨ អីុញ) ខុសពីអេក្រង់ស្មាតហ្វូនធំៗទូទៅដែលមានវិមាត្រ ៩:១៦។

តាមរយ:រូបភាពពញ្ញាក់អារម្មណ៍ពីក្រុមហ៊ុន LG ផ្ទាល់នោះ គេអាចបន្ស៊ីវាជាមួយព័ត៌មានចចាមអារ៉ាមកន្លងមកបានទម្លាយឱ្យដឹងពីរចនាបថអេក្រង់របស់ G6 ដែលស្ទើរតែគ្មានស៊ុមនៅជុំវិញ។ ទាំងនេះ គេអាចសន្និដ្ឋានបានថា​ LG ស៊េរី G ជំនាន់ថ្មី ដែលនឹងបង្ហាញវត្តមាននៅប៉ុន្មានសប្តាហ៍ខាងមុន ត្រូវបានបង្កើនទំហំអេក្រង់ឱ្យកាន់តែធំ ប៉ុន្តែ បង្រួមទំហំតួរបស់ទូរសព្ទឱ្យកាន់តែតូច ល្មមចាប់កាន់ប្រើប្រាស់ក្នុងដៃតែម្ខាង។

ក្រៅពីបំពាក់អេក្រង់ខុសគេ G6 ត្រូវបានគេរំពឹងថា នឹងស្រោបដោយតួលោហ:ការពារជម្រាបទឹក ប្រើរន្ធ USB ប្រភេទ Type-C អង្គប្រតិបត្តិ Snapdragon 821 ថ្មមិនអាចដោះចេញចូលបាន និងកាមេរ៉ាភ្លោះនៅខាងក្រោយ រួមទាំងប្រព័ន្ធ Android 7.0 មកពីនាយតែម្តង៕

ប្រភពព័ត៌មាន: gsmarena

មតិយោបល់