ព័ត៌មានបច្ចេកវិទ្យា

Nokia ពង្រីកខ្លួនកាន់តែខ្លាំង ជាមួយ Nokia 6 (Global), 5 និង 3

ក្នុងព្រឹត្តិការណ៍សមាជទូរសព្ទចល័តពិភពលោក WMC 2017 ម្សិលមិញនេះ ក្រុមហ៊ុន HMD Global ដែល​សន្យាស្តារកិត្តិសព្ទម៉ាកសញ្ញាផលិតផលទូរសព្ទ Nokia ឡើងវិញ បានប្រកាសចេញទូរសព្ទដៃ Nokia ដើរដោយប្រព័ន្ធ Android ថ្មីចំនួន ៣ ម៉ូឌែល រួមមាន Nokia 6, 5 និង 3 ដើម្បីពង្រីកវត្តមានរបស់ខ្លួននៅលើទីផ្សារពិភពលោកឱ្យបានកាន់តែធំធេង។

Nokia 6 ដែលបានប្រកាសចេញលក់ដំបូងសម្រាប់ទីផ្សារប្រទេសចិន ពេលថ្មីៗនេះ ឥឡូវ ត្រូវបានបន្ថែមលក្ខណ:សម្បត្តិសម្រាប់ចេញលក់លើទីផ្សារសកល តាមរយ:ការបន្ថែមសេវាកម្មផ្សេងៗរបស់ Google រាប់បញ្ចូលទាំងជំនួយការសំឡេងឌីជីថល។ សម្រាប់តម្លៃវិញ គឺវានឹងនៅរក្សា ២៤២ ដុល្លារ ស្មើនឹងពេលប្រកាសចេញមុនដំបូងអីចឹងដែរ ហើយសម្រាប់លក្ខណ:សម្បត្តិដទៃផ្សេងទៀត ពុំមានការផ្លាស់ប្តូរនោះទេ គឺវាបំពាក់អេក្រង់ Full HD ទំហំ ៥.៥ អីុញ ក្រាលដោយស្រទាប់កញ្ចក់ Gorilla 2.5D ប្រើបន្ទះឈីប Snapdragon 430, RAM ទំហំ ៤ ជីហ្គាបៃយ៍ និងអង្គចងចាំជាប់ម៉ាស៊ីនទំហំ ៦៤ ជីហ្គាបៃយ៍ ហើយកាមេរ៉ាមុខ/ក្រោយ មានទំហំ ៨/១៦ មេហ្គាភិចសែល។ ដោយឡែក វាមានបន្ថែមជម្រើស ARTE ដែលមានពណ៌ខ្មៅរលើបរលោង តម្លៃ ២៩៩ ដុល្លារ។

ចំណែក Nokia 5 វិញ មានសមត្ថភាព និងទំហំតូចជាង Nokia 6 បន្តិច ដោយវាប្រើប្រាស់អេក្រង់ទំហំ ៥ អីុញ បន្ទះឈីប Snapdragon 430 ប្រើ RAM ទំហំ ២ ជីហ្គាបៃយ៍ អង្គផ្ទុកទិន្នន័យខាងក្នុងទំហំ ១៦​ ជីហ្គាបៃយ៍ កាមេរ៉ាមុខ/ក្រោយទំហំ ៨/១៣ មេហ្គាភិចសែល ប្រើប្រាស់ប្រព័ន្ធ Android 7.1.1 Nougat។ Nokia 5 នឹងចេញលក់ក្នុងត្រីមាសទី ២ ជាមួយ Nokia 6 ជាមួយតម្លៃ ១៩៩ ដុល្លារ ដោយមានជម្រើសពណ៌: ប្រាក់ ខៀវ ខ្មៅ នឹងទឹកក្រូច។

សម្រាប់ Nokia 3 ត្រូវបានក្រុមហ៊ុនទម្លាក់សមត្ថភាព Hardware របស់វាមកនៅកម្រិតទាប ប៉ុន្តែ រចនាបថរូបរាងខាងក្រៅនៅតែសមរម្យអាចទទួលយកបាន ជាមួយសម្បកផលិតឡើងដោយសារជាតិប៉ូលីកាបូណាត វ័នដោយស៊ុមអាលុយមីញ៉ូមយ៉ាងស្រស់ស្អាត។ Nokia 3 មានសមាសធាតុអេក្រង់ RAM អង្គចងចាំក្នុងម៉ា​ស៊ីន​​និងប្រព័ន្ធប្រតិបត្តិ ដូចគ្នាទៅនឹង Nokia 5 អីចឹងដែរ ប៉ុន្តែ កាមេរ៉ាក្រោយតូចជាងបន្តិច គឺមានទំហំត្រឹមតែ ៨ មេហ្គាភិចសែល និងប្រើបន្ទះឈីប MediaTek 6737 ហើយវាមានតម្លៃ ១៤៧ ដុល្លារ ប៉ុណ្ណោះ នៅពេលចាប់ផ្តើមចេញលក់ក្នុងត្រីមាសទី ២៕

ប្រភពព័ត៌មាន: androidauthority

មតិយោបល់