ព័ត៌មានបច្ចេកវិទ្យា

Apple Watch 3 អាចនឹងបំពាក់អេក្រង់ Micro-LED កាមេរ៉ា​ និងហៅចេញដោយមិនចាំបាច់ពឹង iPhone

យោងតាមព័ត៌មានបែកធ្លាយចុងក្រោយ តាមរយ:គេហទំព័រ Tech Radar នាឡិកាដៃទំនើបជំនាន់ទី ៣ របស់ក្រុមហ៊ុន Apple ដែលអាចនឹងប្រកាសចេញព្រមគ្នាជាមួយ iPhone ជំនាន់ថ្មីនាខែកញ្ញា ឆ្នាំនេះ ឬខែមេសា ឆ្នាំក្រោយ នឹងពាំនាំមកជាមួយលក្ខណ:សម្បត្តិថ្មីៗជាច្រើន។

គួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ វានឹងបំពាក់អេក្រង់ប្រភេទថ្មី Micro-LED ដែលមានសមត្ថភាពបញ្ចេញពន្លឺភ្លឺជាង និងស៊ីថាមពលថ្មតិចជាងអេក្រង់ OLED តែវានៅរក្សាទំហំ និងខ្នាតបញ្ចាំងរូបភាពដូចទៅនឹងជំនាន់បច្ចុប្បន្នដដែល។

ក្រៅពីនេះ វានឹងភ្ជាប់បន្ថែមនូវកាមេរ៉ាសម្រាប់ប្រើប្រាស់ជាមួយមុខងារជជែកឆ្លើយឆ្លងតាមវីដេអូខល FaceTime បានយ៉ាងងាយស្រួលនៅនាឡិកាដៃ។

ក្រុមហ៊ុន​ Apple បានបន្ថែមប្រព័ន្ធ GPS ទៅឱ្យ Watch 2 ដើម្បីអាចតាមដាន និងកត់ត្រាទុកតម្លាយផ្លូវរបស់អ្នកប្រើប្រាស់ក្នុងពេលកំពុងហាត់ប្រាណដោយមិនចាំបាច់ពឹងលើទូរសព្ទ។ ប៉ុន្តែជាមួយ Watch 3 ក្រុមហ៊ុននឹងបង្កើនឯករាជ្យភាពរបស់វាពី iPhone បន្ថែមទៀត តាមរយ:ការបំពាក់ស៊ីមកាតទៅក្នុងតួនាឡិកាតែម្តង។ ធ្វើដូច្នេះ អ្នកប្រើប្រាស់អាចទទួលការហៅទូរសព្ទចូល ឬហៅទូរសព្ទចេញ និងផ្ញើសារនៅពេលណា ឬទីកន្លែងណាក៏បាន។

ចំពោះតម្លៃរបស់ Apple Watch 3 វិញ វាត្រូវបានគេជឿថា នឹងខ្ពស់ជាងនាឡិកាដៃទំនើបជំនាន់ទី២ របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន ដែលមានតម្លៃចាប់ពី ៣៦៩ ដុល្លារ៕

ប្រភពព័ត៌មាន: techradar

មតិយោបល់