ព័ត៌មានបច្ចេកវិទ្យា

iPhone 8 នឹងមានការផ្លាស់ប្តូរដ៏ធំមួយទៀត ក្រៅពីបំពាក់អេក្រង់កោង និងគ្មានប៊ូតុង Home

ក្រុមហ៊ុន Apple អាចនឹងធ្វើការផ្លាស់ប្តូរដ៏ធំមួយទៀតទៅលើផ្នែក Hardware របស់ទូរសព្ទ iPhone ជំនាន់បន្ទាប់របស់ខ្លួន ដែលត្រូវបានគេជឿថាមានឈ្មោះ iPhone 8 បន្ថែមពីលើការបំពាក់អេក្រង់កោង និងគ្មានប៊ូតុង Home។ នេះបើយោងតាមរបាយការណ៍ពី The Wall Street Journal ស្រង់សម្តីប្រភពស្និទ្ធនឹងគម្រោងរបស់ក្រុមហ៊ុន។

យោងតាម WSJ ដដែល ទូរសព្ទ iPhone 8 ដែលត្រូវបានគេរំពឹងថានឹងប្រកាសចេញនៅខែកញ្ញា ខាងមុខ នឹងប្រើប្រាស់រន្ធដោតខ្សែ USB ប្រភេទ Type C ជំនួសឱ្យរន្ធដោត Lightning ដែលជាស្តង់ដាខ្សែ USB ដាច់ដោយឡែកពីគេមួយរបស់ក្រុមហ៊ុន Apple និងដែលបានប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០១២ នៅលើទូរសព្ទដៃស៊េរី iPhone 5 មកម្លេះ។

ខ្សែ USB Type-C នេះ គឺជាជម្រើសដ៏ល្អប្រសើរបំផុតសម្រាប់សែស្រឡាយ iOS Devices ឆ្នាំ ២០១៧ នេះ ដែលត្រូវបានព័ត៌មានចចាមអារ៉ាមលើកឡើងជាបន្តបន្ទាប់ថា នឹងពាំនាំមកជាមួយលក្ខណ:សម្បត្តិថ្មីៗជាច្រើនសម្រាប់អបអរសាទរខួប ១០ ឆ្នាំ​របស់ម៉ាកសញ្ញាទូរសព្ទដ៏ល្បីល្បាញរបស់ក្រុមហ៊ុនមួយនេះ។

ខ្សែបញ្ជូនទិន្នន័យ និងចរន្ត Type-C មានសមត្ថភាពផ្ទេរបន្ទុកថាមពលអគ្គីសនី និងល្បឿនតភ្ជាប់ ឬបញ្ជូនទិន្នន័យខ្ពស់ជាង USB ប្រភេទធម្មតា ហើយវាក៏អាចប្រើសម្រាប់តភ្ជាប់ជាមួយឧបករណ៍បន្ទាប់បន្សំដទៃផ្សេងទៀតផងដែរ៕

អត្ថបទពាក់ព័ន្ធ:

iPhone 8 អាចនឹងឡូយដល់ចេះចំណាំមុខម្ចាស់
ធ្លាយព័ត៌មានថ្មី: គ្មាន iPhone 8 បំពាក់អេក្រង់កោង និងកញ្ចក់នៅខាងខ្នងទេ!

ប្រភពព័ត៌មាន: theverge, 9to5mac

មតិយោបល់