ព័ត៌មានបច្ចេកវិទ្យា

Samsung Galaxy S8 នឹងចេញចុងខែនេះហើយ ចាំមើលវាមានលក្ខណៈសម្បត្តិដូចអីចេះអត់?

ក្រុមហ៊ុន Samsung គ្រោងនឹងប្រកាសចេញជំនាន់ថ្មីនៃកំពូលស្មាតហ្វូនរបស់ខ្លួន គឺ Galaxy ស៊េរី S8 នៅថ្ងៃទី ២៩ មីនា ខាងមុខនេះហើយ នៅឯព្រឹត្តិការណ៍មួយ ដែលនឹងប្រព្រឹត្តិឡើងនាទីក្រុងញូយ៉ក។ នេះបើយោងតាមគេហទំព័រ Trustedreview ចុះផ្សាយនៅថ្ងៃម្សិលមិញ។

ទន្ទឹមនឹងនេះ ព័ត៌មានថ្មីទាក់ទងទៅនឹង Galaxy S8 ត្រូវបានបែកធ្លាយក្នុងទ្រុងទ្រាយធំមួយ នៅលើគេហទំព័រ Forbes តាមរយៈអ្នកទម្លាយព័ត៌មានសម្ងាត់ទូរសព្ទដ៏ល្បីល្បាញឈ្មោះ Ming Chi-Kou ដោយក្នុងនោះមានព័ត៌មានស្តីពីលក្ខណៈសម្បត្តិថ្មីៗរហូតដល់ ១៥ ចំណុច ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖

១- Galaxy S8 នឹងបំពាក់អេក្រង់ទំហំ ៥.៨ អីុញ ធំជាងអេក្រង់ Galaxy S7 ម៉ូឌែលបច្ចុប្បន្ន ០.៧ អីុញ

២- Galaxy S8 Plus នឹងបំពាក់អេក្រង់ទំហំ ៦.២ អីុញ ហើយវាក៏ធំជាងអេក្រង់ Galaxy S7 Edge ម៉ូឌែលបច្ចុប្បន្ន ០.៧ អីុញផងដែរ

៣- ខ្នាតបញ្ចាំងរូបភាពលើអេក្រង់ត្រូវបានបង្កើនរហូតដល់ ២៩៦០ x ២៤០០ ភិចសែល​ (WQHD+)

៤- ទាំងពីរម៉ូឌែល នឹងបំពាក់អេក្រង់កោងប្រភេទ OLED ជាលើកដំបូង

៥- ប៊ូតុង Home នឹងត្រូវបានដកចេញ

៦- នឹងបំពាក់អង្គញាណសម្រាប់ថតសម្គាល់ផ្ទៃមុខនៅខាងលើអេក្រង់ ក្បែរកាមេរ៉ាមុខ

៧- នៅផ្នែកខាងក្រោយនៃម៉ូឌែលនីមួយៗ នឹងមានកាមេរ៉ានៅចំកណ្តាល អមដោយពិល Flash មួយនៅខាងឆ្វេង និងបន្ទះស្គេនក្រយៅដៃនៅខាងស្តាំ ព្រមជាមួយអង្គញាណសម្រាប់វាស់ចង្វាក់បេះដូងមួយ

៨- នឹងមាន ៧ ពណ៌ៈ មាស ប្រាក់ ខ្មៅរលោង ខ្មៅគ្រើម ខៀវ ស្វាយ និងឈូក

៩- ម៉ូឌែលទាំងពីរ នឹងបំពាក់កាមេរ៉ាមុខទំហំ ៨ មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ ១២​ មេហ្គាភិចសែល

១០- កាមេរ៉ាក្រោយនឹងបង្កប់ភ្នែកកាមេរ៉ាភ្លោះនៅខាងក្នុង ដែលវាជាការចនាថ្មី ប្រើប្រាស់បច្ចេកវិទ្យា ISP របស់ Samsung

១១- ប្រើប្រាស់ខ្សែ USB Type-C ជំនាន់ ៣.១ ជំនួសខ្សែ USB ប្រភេទ Micro សម្រាប់ទាំងពីរម៉ូឌែល

១២- នឹងមានបន្ថែមមុខងារ PC Mode ដែលវានឹងបើកដំណើរការឡើងនៅពេលទូរសព្ទភ្ជាប់ជាមួយរន្ធដោតពិសេសមួយ និងភ្ជាប់ជាមួយអេក្រង់កុំព្យូទ័រ ឬទូរទស្សន៍

១៣- ម៉ូឌែលផលិតសម្រាប់លក់នៅអាមេរិក ជប៉ុន និងចិន នឹងប្រើប្រាស់បន្ទះឈីប Snapdragon 835 របស់ក្រុមហ៊ុន Qualcomm ចំណែកម៉ូឌែលលក់នៅតំបន់អឺរ៉ុប និងអាស៊ី នឹងប្រើប្រាស់បន្ទះឈីប Exynos 8895 របស់ក្រុមហ៊ុនផ្ទាល់

១៤- Galaxy S8 និង S8 Plus សម្រាប់ដាក់លក់នៅចិន និងកូរ៉េ នឹងបំពាក់ RAM ទំហំ ៦ ជីហ្គាបៃយ៍ ប៉ុន្តែ ម៉ូឌែលផលិតសម្រាប់លក់នៅប្រទេសដទៃផ្សេងទៀត នឹងបំពាក់ RAM ទំហំ ៤ ជីហ្គាបៃយ៍។

១៥- ទាំងពីរម៉ូឌែល នឹងចេញលក់នៅលើទីផ្សារ នៅថ្ងៃទី ២១​ មេសា បន្ទាប់ពីថ្ងៃប្រកាសចេញបីសប្តាហ៍។

ទោះយ៉ាងណា ព័ត៌មានខាងលើនេះមិនទាន់ប្រកាសចេញជាផ្លូវការនៅឡើយទេ ដូច្នេះ ការពិតវានឹងទៅជាយ៉ាងណានោះ គឺមានតែប្រិយមិត្ត និងក្រុមការងារ Post Tech ចាំអ៊ុតមើលទាំងអស់គ្នាប៉ុណ្ណោះ៕

ព័ត៌មានពាក់ព័ន្ធៈSamsung Galaxy S8 បែកទាំងរូបរាងពិត ទាំងលក្ខណ:សម្បត្តិលំអិត និងថ្ងៃប្រកាសចេញ

មតិយោបល់