នេះគឺជាលើកទីមួយហើយដែលរូបថតពិតជាក់ស្តែងរបស់ទូរស័ព្ទ Galaxy S8 ត្រូវបានទម្លាយឱ្យឃើញនៅលើបណ្តាញអីុនធើណែត ដោយពីមុនៗមក យើងបានត្រឹមតែឃើញរូបភាពក្រាហ្វិចឌីជីថលរបស់វាប៉ុណ្ណោះ។ រូបថតបែកធ្លាយចុងក្រោយនេះ គឺគួរឱ្យជឿជាក់បំផុត ដោយវាត្រូវបានគេផ្តិតយករូបរាងទាំងខាងមុខ និងខាងក្រោយ ព្រមជាមួយលក្ខណៈសម្បតិ្តយ៉ាងពិស្តារ និងថ្ងៃបរិច្ឆេទចេញ រួមទាំងតម្លៃលក់ទៀតផង។
បើតាមរូបថតដែលបានបែកធ្លាយថ្ងៃម្សិលមិញនេះ យើងអាចមើលឃើញយ៉ាងច្បាស់ថា S8 មានការរចនាបន្ទះស្កេនក្រយៅដៃនៅខាងខ្នង ខាងស្តាំកាមេរ៉ា ហើយទាំងតួទូរស័ព្ទទាំងផ្នែកខាងមុខ និងខាងក្រោយ មានរាងកោងត្រង់គែមសងខាង ហើយវាមានភាពស៊ីមេត្រីជាមួយគ្នា ស្រដៀងនឹង Galaxy S7 edge អីចឹងដែរ។
យោងតាមប្រភពដ៏គួរជាទីទុកចិត្ត Evan Blass ទូរស័ព្ទ Galaxy S8 នឹងចេញពីរម៉ូដែល មួយមានអេក្រង់ទំហំ ៥.៨ អីុញ និងមួយទៀតមានអេក្រង់ទំហំ ៦.២ អីុញ ហើយវាសុទ្ធតែជាប្រភេទ Super AMOLED និងមានគែមកោងសងខាងដូចគ្នា។ ដោយឡែក វានឹងប្រើប្រាស់ខ្នាតបញ្ចាំងរូបភាពខុសប្លែកពីធម្មតា គឺ ១៨.៥:៩ (បណ្តោយ ១៨.៥ អីុញ, ទទឹង ៩ អីុញ) ដោយពីមុនមក Samsung ប្រើខ្នាត ១៦:៩ ហើយវានឹងមានស្រទាប់រំញោចដូចជាអេក្រង់ 3D Touch របស់ Apple ប៉ុន្តែ វានឹងមាននៅតែត្រង់បរិវេណខាងក្រោមប៉ុណ្ណោះ។
ប្រភពព័ត៌មានដដែលឱ្យដឹងបន្ថែមថា ម៉ូដែលអេក្រង់ ៥.៨ អីុញ នឹងបំពាក់ថ្មកម្លាំង ៣,០០០ មីល្លីអំព៊ែរ ចំណែកម៉ូដែលអេក្រង់ ៦.២ អីុញ នឹងប្រើថ្មកម្លាំងខ្ពស់ជាង ៥០០ មីល្លីអំព៊ែរ ហើយវាប្រើប្រាស់បន្ទះឈីប Snapdragon 835 ឬ បន្ទះឈីប Exynos ជំនាន់បន្ទាប់របស់ក្រុមហ៊ុន Samsung ផ្ទាល់ ជាមួយបន្ទះអង្គប្រតិបត្តិប្រភេទ 10nm អាចជួយបង្កើនសមត្ថភាពដំណើរការខ្ពស់ជាង S7 ១១% ជាមួយបំពាក់អង្គប្រតិបត្តិក្រាហ្វិកលឿនជាង ២៣% អាចប្រើប្រាស់ថាមពលថ្មឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន ២០%។
ចំពោះ RAM វិញ គឺវានឹងនៅតែរក្សាទំហំ ៤ ជីហ្គាប៉ៃយ៍ ដដែល ប៉ុន្តែ អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីននឹងត្រូវបង្កើនដល់ ៦៤ ជីហ្គាប៉ៃយ៍ និងអាចបន្ថែមជាមួយកាតប្រភេទ MicroSD។ រីឯកាមេរ៉ាក្រោយ នឹងរក្សានៅទំហំ ១២ មេហ្គាភិចសែល ប៉ុន Galaxy S7។ ទោះយ៉ាងណា វានឹងមានមុខងារស្វែងរកវត្ថុដែលមើលឃើញថ្មីមួយ តាមរយៈរូបតាងដែលបង្ហាញឡើងលើផ្ទៃអេក្រង់សម្រាប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ប្រភេទនៃការស្វែងរក។
កាមេរ៉ាមុខ នឹងមានទំហំ ៨ មេហ្គាភិចសែល អមដោយបន្ទះថតសម្គាល់ប្រស្រីភ្នែកមួយ ហើយបន្ទះស្គេនក្រយៅដៃត្រូវបានប្តូរទៅដាក់នៅខាងក្រោយទូរស័ព្ទ ក្បែរកាមេរ៉ា ចំណែកនៅខាងគែមខាងក្រោម មានរន្ធ USB Type-C និងរន្ធកាស ៣.៥ មីល្លីម៉ែត្រ។
Samsung Galaxy S8 នឹងដើរដោយប្រព័ន្ធ Android Nougat ជាមួយជំនួយការឌីជីថល Bixby ដែលមានសមត្ថភាពទទួលរាប់រងពាក្យបញ្ជាមានលក្ខណៈស្មុគស្មាញជាងជំនួយការសំឡេងឌីជីថលរបស់ក្រុមហ៊ុន Apple, Google, និង Microsoft ហើយវាអាចបើកឡើងតាមរយៈប៊ូតុងមួយនៅគែមម្ខាងរបស់ទូរស័ព្ទ។
Galaxy S8 នេះដែរ នឹងប្រកាសចេញជាផ្លូវការនៅឯព្រឹត្តិការណ៍មួយ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ២៩ ខែមិនា នាទីក្រុងញូវយ៉ក ហើយវានឹងចេញលក់លើទីផ្សារនៅថ្ងៃទី ២១ ខែមេសា។ សម្រាប់តម្លៃវិញ នៅក្នុងតំបន់អឺរ៉ុប វានឹងថ្លៃជាង S7 និង S7 edge នៅពេលចេញកាលពីឆ្នាំមុន ដោយ S8 ម៉ូដែលអេក្រង់ ៥.៧ អីុញ នឹងលក់ចេញក្នុងតម្លៃ ៨៥២ ដុល្លារ ហើយម៉ូដែលអេក្រង់ ៦.២ អីុញ នឹងលក់ក្នុងតម្លៃ 959 ដុល្លារ៕
ប្រភពព័ត៌មាន venturebeat
មតិយោបល់