ព័ត៌មានបច្ចេកវិទ្យា

Apple បើកលក់ iPhone សារជាថ្មីក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយទឹកប្រាក់វិនិយោគ ៤៤$ លាន

ក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស​ Apple កំពុងរៀបចំបើកលក់ iPhone សារជាថ្មី នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅអំឡុងពេល ២ សប្តាហ៍ខាងមុខ។ នេះបើយោងតាម ប្រភពសារព័ត៌មាន KompasTekno។ កាលពីមុន ក្រុមហ៊ុននេះ បានលក់ iPhone ទៅក្នុងប្រទេសដែលមានចំនួនប្រជាជនច្រើនមួយនេះរួចមកហើយ ប៉ុន្តែបានឈប់ទៅវិញកាលពី ២ ឆ្នាំមុន ដោយសារប្រទេសនេះ ទាមទារនូវតម្រូវការថ្មីៗ។

យោងតាមប្រភពដដែល ក្រុមហ៊ុនបច្ចេកវិជ្ជាមួយនេះនឹងចាប់បើកលក់ iPhone 7, iPhone 7 Plus, iPhone 6s និង iPhone 6s Plus នៅតាមសាខាទាំង ៦ ក្នុងទីក្រុងសំខាន់ៗ នៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ៣១ ខែ មីនាខាងមុខ ហើយអតិថិជននៅក្នុងប្រទេស អាចកម្ម៉ង់ទិញទុកជាមុនពីសាខាមួយចំនួននៅពេលនេះបាន។

កាលពីឆ្នាំ ២០១៤ ក្រុមហ៊ុន Apple បានប្រកាសចេញនូវទូរសព្ទ iPhone 6​ និង iPhone 6 Plus ក្រោមការគាំទ្ររបស់រដ្ឋាភិបាលយោធា ប៉ុន្តែក្រោយមក ឋិតក្រោមបទបញ្ញត្តិនៃរដ្ឋាភិបាលថ្មីរបស់ប្រទេស ក្នុងការជម្រុញឱ្យមានការផលិតក្នុងស្រុក បាននាំឱ្យមានភាពស្មុគស្មាញក្នុងការលក់ ដោយទាមទារនូវការប្រើប្រាស់វត្ថុធាតុដើមនៃផលិតផលក្នុងស្រុក ៣០ ភាគរយ ដូចជារដ្ឋាភិបាលឥណ្ឌា។

ទោះយ៉ាងណា ប្រទេសដែលមានប្រជាជនចំនួន ២៦០ លាននាក់ ច្រើនជាងគេលើពិភពលោកលំដាប់ទី ៤ នេះ គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុន Apple ដែលមិនអាចមិនមើលរំលងបានឡើយ។

ដូច្នេះ ក្រុមហ៊ុន Apple បានព្រមទទួលយកនូវការទាមទាររបស់រដ្ឋាភិបាលពីឥណ្ឌូនេស៊ី ដោយសន្យាថានឹងបោះទុន ៤៤ លានដុល្លារ សម្រាប់រយ:ពេល ៣ ឆ្នាំ សម្រាប់ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងស្រាវជ្រាវក្នុងតំបន់មួយនាទីក្រុង Jakarta ។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនត្រូវបានរាយការណ៍ថា បាននិងកំពុងធ្វើការជាមួយរោងចក្រ Foxconn ក្នុងតំបន់ ដើម្បីពង្រឹងកិច្ចទំនាក់ទំនងជាមួយនឹងមន្ត្រីនានាក្នុងប្រទេសទៀតផង៕

ប្រភពព័ត៌មាន៖ 9to5mac.com

មតិយោបល់