Post News Media ព័ត៌មានបច្ចេកវិទ្យា iPhone 8 នឹងផ...

iPhone 8 នឹងផ្តួល Galaxy S8 ដោយប្រើអាវុធទំនើបថ្មីមួយនេះ

វត្តមានរបស់ទូរសព្ទ Samsung Galaxy S8 និង S8+ បង្ហាញឡើងជាផ្លូវការនៅប៉ុន្មានថ្ងៃមុននេះ ពិតជាធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្ញាក់ផ្អើលក៏ដោយសារតែវាពិតជាបានពាំនាំមកជាមួយលក្ខណ:សម្បត្តិ និងបច្ចេកវិទ្យាកំពូលៗដូចជាព័ត៌មានចចាមអារ៉ាមមួយចំនួនលើកឡើងមែន។ មិនតែប៉ុណ្ណោះ វាក៏បានបន្សល់នូវចំណោទមួយថា តើ iPhone 8 អាចនឹងយកឈ្នះ Galaxy S8 បានដែរឬទេ បើវាឡូយកប់ចឹង?

ទន្ទឹមនឹងម្នាក់ៗកំពុងចោលក្រសែភ្នែកសំឡឹងមិនដាក់ភ្នែកទៅលើកំពូលទូរសព្ទស៊េរីថ្មីរបស់ Samsung នៅដើមសប្តាហ៍នេះ របាយការណ៍ថ្មីមួយទាក់ទងទៅនឹង iPhone 8 ត្រូវបានទម្លាយឡើងថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់អាវុធកាមេរ៉ាបំពាក់បច្ចេកវិទ្យា 3D សម្រាប់បន្ថែមមុខងារពិសេសថ្មីពីរទៅឱ្យទូរសព្ទ iPhone ជំនាន់បន្ទាប់របស់ខ្លួន។ នេះបើយោងតាមប្រភពស្និទ្ធនឹងរោងចក្រផ្គត់ផ្គងគ្រឿងផ្សំរបស់ iPhone នៅក្នុងតំនប់អាស៊ី បង្ហើបឱ្យដឹង។

ប្រភពព័ត៌មានពីគេហទំព័រ Diditimes បានឱ្យដឹងថា ក្រុមហ៊ុន Himax Technologies នឹងធ្វើជាអ្នកផ្គត់ផ្គងសមាសធាតុផ្សំមួយផ្នែកសម្រាប់ iPhone 8 ដែលបំពាក់អេក្រង់ប្រភេទ OLED របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក។

ក្រុមហ៊ុនមួយនេះ នឹងផ្តល់នូវការរចនាសមាសធាតុផ្សំរបស់កញ្ចក់ប្រើបចេ្ចកវិទ្យា COG (chip-on-glass) ដែលនឹងត្រូវគ្នាជាមួយសមត្ថភាពកាមេរ៉ា 3D និងអង្គញាណ 3D របស់ក្រុមហ៊ុន Lumentum (ជាក្រុមហ៊ុនរផលិតកញ្ចក់អ៊ុបទិច និងឡេស៊ែរប្រកបដោយភាពច្នៃប្រឌិតឈានមុខគេក្នុងទីផ្សារមួយ)។ កាមេរ៉ាមុខទៀតសោត នឹងបំពាក់បច្ចេកវិទ្យាឡេស៊ែរ VCSEL ដែលអាចគាំទ្រជាមួយទាំងសមត្ថភាពស្កេនរូបភាព 3D និងអង្គញាណ 3D។

តាមរយ:បច្ចេកវិទ្យាដ៏ទំនើបនេះ កាមេរ៉ារបស់ iPhone 8 នឹងអាចយកឈ្នះ Galaxy S8 លើសមត្ថភាពថ្មីចំនួនពីរគឺ មួយវាមានសមត្ថភាព 3D អាចប្រើជាមួយមុខងារ VR (Virtual Reality) និង AR (Augmented Reality) ក្នុងកម្មវិធីផ្សេងៗ និងមួយទៀតវាផ្តល់នូវមុខងារសន្តិសុខកាន់តែល្អប្រសើរ។

របាយការណ៍ថ្មីៗនេះដែរ ក៏បានអះអាងថា ក្រុមហ៊ុន Apple មានការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើបច្ចេកវិទ្យា VR និង AR ព្រោះវាអាចយកទៅប្រើដើម្បីថតសម្គាល់ផ្ទៃមុខងារបស់មនុស្សបានយ៉ាងមានប្រសិទ្ធភាព និងប្រកដដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ទូរសព្ទលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung ក៏គាំទ្រការដោះសោដោយប្រើផ្ទៃមុខផងដែរ ប៉ុន្តែ មុខងារនេះ អាចត្រូវបានគេបំបែកបានដោយងាយតាមរយ:ការប្រើរូបថតដាក់ជំនួស។ Samsung ក៏ដឹងរឿងនេះដែរ ម្លោះហើយទើបក្រុមហ៊ុននឹងមិនអនុញ្ញាតឱ្យម្ចាស់ទូរសព្ទប្រើប្រាស់ប្រព័ន្ធសន្តិសុខនេះ សម្រាប់ទូទាត់ការចំណាយតាមសេវាកម្ម Samsung Pay របស់ខ្លួន៕

ប្រភពព័ត៌មាន: bgr