តើលោកអ្នកឧស្សាហ៍ប្រើទំហំអិុនធើណែតទូរសព្ទតាមប្រព័ន្ធ 3G ឬ 4G លើសកំណត់ នាំឱ្យទឹកប្រាក់ដែលនៅសេសសល់ក្នុងគណនីទូរសព្ទដាច់អស់មួយរំពេច ដែរឬទេ? ជាការពិតណាស់ នៅលើបណ្តាញអិុនធើណែតបច្ចុប្បន្ន គឺពោរពេញទៅដោយពិភពកម្សាន្ត និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ច្រើនរាប់មិនអស់ ដែលធ្វើឱ្យលោកអ្នកខ្លះចង់តាមដានគ្រប់ពេល គ្រប់ទីកន្លែង ឬរហូតដល់ភ្លេចគិតថាខ្លួនកំពុងបើកប្រើ 3G/4G ក៏មាន។
ក្នុងករណីនេះ បើទោះជាប្រើសេវាកម្មដូរលុយផ្សេងៗរបស់ក្រុមហ៊ុនបណ្តាញទូរសព្ទចល័ត Cellcard ឬ Smart ក៏ដោយ ក៏វាមិនអាចទប់ជាប់បានដែរ ជាពិសេស លោកអ្នកដែលនិយមមើលវីដេអូ YouTube និងផ្សាយផ្ទាល់តាម Facebook តែម្តង។
ដើម្បីបញ្ជៀសបញ្ហានេះ លោកអ្នកអាចកំណត់ទំហំអិុនធើណែតសម្រាប់ការប្រើជាមួយប្រព័ន្ធ 3G/4G បានតាមកម្មវិធី My Data Plan- Data Usage។ កម្មវិធីនេះ ក៏អនុញ្ញាតឱ្យលោកកំណត់ទំហំអិុនធើណែតសម្រាប់ការប្រើប្រាស់រៀងរាល់ខែ សប្តាហ៍ ថ្ងៃ ឬតាមថេរវេលាកំណត់ណាមួយ បានផងដែរ តាមវិធីខាងក្រោម៖

របៀបអនុវត្ត៖
1- សូមទាញយកកម្មវិធី My Data Management- Data Usage ដោយចូលទៅកាន់កម្មវិធី Play Store រួចវាយពាក្យ My Data Management ក្នុងប្រអប់ Search
2- ភ្លាមៗនោះ កម្មវិធីឈ្មោះ My Data Manager – Data Usage នឹងបង្ហាញឡើង។ សូមចុចលើវា រួចបន្តចុចលើប៊ូតុង INSTALL -> ACCEPT ហើយរងចាំរហូតដល់ដំណើរការទាញយក និងដំឡើងចប់។

3- បន្ទាប់មក សូមបើកកម្មវិធី My Data Manager រួចចុចលើមឺនុយកម្មវិធី (រូបសញ្ញាត្រេ ៣) ហើយជ្រើសយក My Plans

4- បន្ទាប់មក ចុចលើប៊ូតុងសញ្ញា ‘+’ រួចជ្រើសយក I have a regular plan

5- សូមចុចលើ Data រួចវាយបញ្ចូលទំហំទិន្នន័យ 3G ឬ 4G (ទិន្នន័យអិុនធើណែតទូរសព្ទ) គិតជា GB នៅខាងស្តាំដៃ Data limit។

6- បន្ទាប់មក នៅលើផ្ទាំងកម្មវិធីដដែល សូមចុចលើ Voice រួចវាយបញ្ចូលចំនួននាទីនៅខាងស្តាំដៃ Voice limit។

7- បន្ទាប់មកទៀត សូមជ្រើសរើសរយៈពេលសម្រាប់ទំហំទិន្នន័យប្រើប្រាស់ដែលលោកអ្នកបានកំណត់តាមរយៈ Billing cycle ជាប្រចាំខែ (monthly), ប្រចាំសប្តាហ៍ (weekly) ប្រចាំថ្ងៃ (daily), ឬ តាមចិត្តចង់ (custom)
8- លោកអ្នកក៏អាចកំណត់ថ្ងៃចាប់ផ្តើមរាប់ការប្រើប្រាស់ទិន្នន័យអិុនធើណែតរបស់ខ្លួនបានផងដែរ តាមរយៈ Start date។

9- បន្ទាប់ពីកំណត់រួច សូមចុចលើប៊ូតុង DONE ជាការស្រេច។
ឧទាហរណ៍ៈ លោកអ្នកដូរលុយ $១=$៣០ តាមក្រុមហ៊ុន Smart ទទួលបានទំហំទិន្នន័យសម្រាប់ប្រើប្រាស់អិុនធើណែត 1500 MB និងការហៅទូរសព្ទចេញ 600 នាទី រយៈពេល ១២ ថ្ងៃ។ ដូច្នេះ លោកអ្នកអាចកំណត់ក្នុង My Plans របស់លោកអ្នកដោយៈ
- Data limit = 1.5 GB
- Voice limit = 600
- Billing cycle = custom រួចវាយលេខ 12 (days) នៅ Cycle duration។
គួរបញ្ជាក់ថា បន្ទាប់ពីកំណត់រួច ទំហំទិន្នន័យអិុនធើណែត 3G ឬ 4G ដែលលោកអ្នកប្រើប្រាស់លើទូរសព្ទ Android នឹងបង្ហាញឡើងនៅលើផ្ទាំង Notification និងក្នុងកម្មវិធីផ្ទាល់ លើផ្ទាំង Summary ហើយលោកអ្នកអាចតាមដាន និងចូលឆែកបានដោយងាយ៕

មតិយោបល់