កូរ៉េៈ រដ្ឋាលភិបាលកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានប្រកាសថា ការដាក់ពង្រាយ ក្រុមកងទ័ពវាយប្រហារជើងទឹករបស់ក្រុងវ៉ាស៊ីនតោន ឆ្ពោះមកកាន់ឧបទ្វីបកូរ៉េនោះ គឺក្រុងព្យុងយ៉ាងត្រៀមខ្លួន រួចជាស្រេច ចំពោះការព្រមានធ្វើសង្រ្គាមរបស់អាមេរិក ដែលការឆ្លើយតបនេះ នឹងបង្កឲ្យមានភាពតានតឹង កាន់តែខ្លាំងឡើង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។
ក្រុមកងទ័ពវាយប្រហារជើងទឹកអាមេរិក ដែលបានធ្វើដំណើរនៅលើនាវាផ្ទុកយន្តហោះ Carl Vinson បន្ទាប់ពីបាន លុបចោលគម្រោងការធ្វើដំណើរទៅប្រទេសអូស្រ្តាលី នៅចុងសប្តាហ៍នេះ ដោយបែរគោលដៅឆ្ពោះមកកាន់ឧបទ្វីបកូរ៉េ ក្នុងគោលបំណង ដើម្បីលុបបំបាត់ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ របស់រដ្ឋាភិបាលកូរ៉េខាងជើង។ ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយថា ការចល័តកម្លាំងទ័ពជើងទឹករបស់អាមេរិកនេះ ជាទង្វើឈ្លានពានកូរ៉េខាងជើង ហើយនឹងឈានដល់ដំណាក់កាល ធ្ងន់ធ្ងរកាន់តែខ្លាំងទ្បើង»។
ក្នុងនោះកូរ៉េខាងជើង បានអះអាងថា «ប្រុងជើងការរួចជាស្រេច ប្រសិនបើអាមេរិកចង់ធ្វើសង្រ្គាម ជាមួយប្រទេសខ្លួន»។
គួរបញ្ជាក់ដែរថា ក្រុមកងទ័ពវាយប្រហារជើងទឹកអាមេរិក ដែលបានធ្វើដំណើរដោយនាវាផ្ទុកយន្តហោះ ឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ កាលពីថ្ងៃអាទិត្យ គឺបានធ្វើទ្បើង បន្ទាប់មានការស្នើសុំពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងគោលបំណង ដើម្បីលុបបំបាត់ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាង៕
មតិយោបល់