ព័ត៌មានបច្ចេកវិទ្យា

ចេញពីមាត់ Samsung ផ្ទាល់! Note 8 នឹងចេញចុងខែសីហា

ការកំណត់ថ្ងៃបរិច្ឆេទបើកបង្ហាញផលិតផលជំនាន់ថ្មីៗនៅក្នុងឆមាសទីពីររបស់ក្រុមហ៊ុន Samsung តែងត្រូវបានធ្វើឡើងដោយឆ្លងកាត់ការពិចារណាយ៉ាងល្អិតល្អន់បំផុត និងប្រកបដោយយុទ្ធសាស្រ្តទីផ្សារខ្ពស់។ កាលណាខ្លួន​ប្រកាសចេញលឿនពេក គេនឹងអាចផ្លាស់ប្តូរចំណាប់អារម្មណ៍ទៅចាំផ្តោតលើវត្តមាន iPhone 8 របស់ក្រុមហ៊ុន Apple។ តែប្រើធ្វើវាយូរពេក គូប្រជែងរបស់ខ្លួននឹងមានឱកាសច្បាមយកអតិថិជនពីខ្លួនបានមួយជំហានមុនជាមិន​ខាន។

ម្លោះហើយ ក្រុមហ៊ុនអេឡិចត្រូនិករបស់កូរ៉េខាងត្បូង តែលាក់ទុកថ្ងៃបរិច្ឆេទជាក់លាក់អំពីការប្រកាសជាផ្លូវការនៃកំពូលទូរសព្ទស៊េរីបន្ទាប់របស់ខ្លួនជានិច្ច ខណៈប្រព័ន្ធផ្សព្វផ្សាយនានាតែងតាមប្រមាញ់ព័ត៌មាននេះដើម្បីយកទៅផ្សព្វផ្សាយជូនទៅដល់មហាជនស្ទើរមិនលោះថ្ងៃ។

យ៉ាងណាក៏ដោយ ខណៈថ្ងៃបរិច្ឆេទចេញកាន់តែខិតជិតចូលមកដល់ លោក DJ Koh នាយកប្រតិបត្តិក្រុមហ៊ុន Samsung Mobile នៃក្រុមហ៊ុន Samsung Electronics បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងតំបន់នៅឯកិច្ចប្រជុំមួយនៅ តៃវ៉ាន់ ថា Galaxy Note 8 នឹងប្រកាសចេញនៅចុងខែសីហា។ បន្ទាប់មក វានឹងចាប់ផ្តើមចែកចាយលក់លើទីផ្សារតាមតំបន់ក្នុងពីរដំណាក់កាលផ្សេងគ្នា។ លោក Koh បន្ថែមថា ដំណាក់កាលដំបូង​គឺនឹងធ្វើឡើងនៅដើមខែកញ្ញា ហើយដំណាក់កាលបន្ទាប់ គឺនឹងធ្វើឡើងនៅក្នុងខែតុលា។ នេះបើយោងតាមប្រភពព័ត៌មានពី Sammobile

គួរបញ្ជាក់ថា Samsung ត្រូវគេរាយការណ៍មកថា នឹងមានរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ២៣ សីហា នាទីក្រុង​ញូវយ៉ក គឺមុនព្រឹត្តិការណ៍ពិព័រណ៍ផលិតផលអេឡិចត្រូនិចពិភពលោក IFA 2017 នាទីក្រុងប៊ែកឡាំង មួយសប្តាហ៍។

កាលបរិច្ឆេទនេះដែរ គឺមានភាពយឺតយ៉ាវជាងការប្រកាសចេញ Galaxy Note 7 កាលពីឆ្នាំមុន ដែលត្រូវគេមើលឃើញយ៉ាងទូលំទូលាយថាបានធ្វើឡើងដោយតក់ក្រហល់ពេក។

ការអូសបន្លាយពេលវេលារៀបចំព្រឹត្តិការណ៍ ដែលគេជឿថា គឺជាថ្ងៃដែលស្មាតហ្វូនអេក្រង់ធំលំដាប់កំពូលត្រកូល Note ស៊េរីថ្មីបង្ហាញវខ្លួននោះ គឺជាយុទ្ធសាស្រ្តថ្មីមួយរបស់ក្រុមហ៊ុន Samsung ក្នុងការទាក់ទាញចិត្តមហាជនទូទៅ ឱ្យបានមុនក្រុមហ៊ុន Apple ដែលត្រូវគេរំពឹងទុកថា នឹងប្រកាសចេញ iPhone 8 នៅអំឡុងដើម​ខែកញ្ញា៕

ប្រភពព័ត៌មានៈ forbes

មតិយោបល់