ព័ត៌មានបច្ចេកវិទ្យា

កម្មវិធីទូរសព្ទ ឬហៅថា App របស់ក្រុមហ៊ុន United Airlines សល់តែផ្កាយមួយ

កម្មវិធីសម្រាប់ប្រើប្រាស់លើទូរសព្ទចល័តប្រភេទ Android និង iOS របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលកងសន្តិសុខរបស់ក្រុមហ៊ុនមួយនេះ បានប្រើហិង្សាអូសអ្នកដំណើរចេញពីយន្តហោះទាំងបង្ខំ នាំឱ្យផ្ទុះការរិះគន់យ៉ាងកក្រើកពេញបណ្តាញអិុនធើណែតនោះ ឥឡូវបានធ្លាក់ពិន្ទុសម្រាប់វាស់ស្ទង់កម្រិតពេញចិត្តមកដល់កម្រិតទាបបំផុត គឺនៅសល់តែផ្កាយ ១។

ប្រជាប្រិយភាពរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយនេះ ក៏កំពុងស្រុតចុះផងដែរ នៅលើគេហទំព័រ Yelp ដ៏ពេញនិយម ដែលមានការបើកឱ្យអ្នកប្រើប្រាស់ចូលរួមដាក់ពិន្ទុលើកម្រិតនៃការពេញចិត្តរបស់ខ្លួនចំពោះក្រុម ហ៊ុនអាកាស ចរណ៍ផ្សេងៗនៅអាមេរិក ខណ:ដែលក្រុមហ៊ុនកំពុងជួបការលំបាកក្នុងការលៀងជម្រះមតិត្មេះដៀលទាំងកំហឹងពីសំណាក់មហាជន។

គួរបញ្ជាក់ថា ក្រោយពីកើតមានរឿងហេតុដែលនាំឱ្យផ្ទុះការរិះគន់ទៅលើសេវារបស់ខ្លួន មន្រ្តីឯកទេសខាងទំនាក់ទំនងសារធារណ:របស់ក្រុមហ៊ុន ដែលទើបបានឈ្នះពានផ្នែក“អ្នកឯកទេសខាងទំនាក់ទំនងប្រចាំឆ្នាំ” កាលពីខែមុន ក៏បានចេញមុខបកស្រាយចំពោះមូលហេតុនៃទង្វើបស់ក្រុមសន្តិសុខក្រុមហ៊ុន ធ្វើទៅលើអ្នកដំណើរ ជូនដល់មហាជនផងដែរ ប៉ុន្តែ វាហាក់បីដូចជាយកប្រេងទៅចាក់លើភ្លើងអីចឹង។ ព្រោះសេចក្តីថ្លែងរបស់លោក Oscar Munoz ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន United Airlines រូបនោះ បានបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់ខ្លួន ជាជាងអតិថិជនអ្នកដំណើរ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ នៅលើជើងយន្តហោះ Flight 3411 របស់ក្រុមហ៊ុនអាកាសចរណ៍  United Airlines បានកើតមានករណីអំពើហិង្សាមួយ បង្កឡើងដោយកងសន្តិសុខក្រុមហ៊ុនផ្ទាល់ បានចាប់អូសអ្នកដំណើរម្នាក់ចុះចេញពីលើយន្តហោះទាំងកម្រោល ដោយសារតែខ្វះកៅអីមួយសម្រាប់បុគ្គលិកសន្តិសុខម្នាក់ ហើយដោយអ្នកដំណើរនោះក្រាញ់ននៀលមិនព្រមចុះចេញ៕

ប្រភពព័ត៌មាន: phonearena

មតិយោបល់