ព័ត៌មានបច្ចេកវិទ្យា

ប្រើ iPhone តែងរំខានដោយ Ad លោតចេញរញ៉េរញ៉ៃ? សាកវិធីនេះមើល!

ក្រុមហ៊ុន Apple តែងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS ជារៀងរាល់ឆ្នាំ ជាមួយការ​ដាក់បញ្ចូលនូវមធ្យោបាយថ្មីៗដើម្បីឃោសនាពាណិជ្ជកម្ម (Ad) ផ្សេងៗទៅក្នុងកម្មវិធី Safari ដែលវាមិនត្រឹមតែបង្កការរំខានដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ស៊ីទិន្នន័យ​អិុន​ធើណែតអស់មួយចំណែកផងដែរ។ មិនតែប៉ុណ្ណោះ កាលណាការផ្សាយឃោសនាទាំងនោះកាន់​តែច្រើន វានឹងធ្វើឱ្យការទាញយកទិន្នន័យពីអិុន​ធើ​ណែត​មកប្រើប្រាស់លើទូរសព្ទកាន់តែយឺត។

តែមិនថ្វីទេ លោកអ្នកអាចលប់បំបាត់ ឬកាត់បន្ថយបញ្ហានេះបាន តាមវិធី និងតាមរយ:កម្មវិធីបិទផ្ទប់ការផ្សាយពាណិជ្ជកម្ម (Ad Blocker) ឈានមុខគេចំំនួន ៣ ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖

 វិធីបើកមុខងាររបស់កម្មវិធី Ad Blocker

  • ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings រួចអូសផ្ទាំងកម្មវិធីចុះចូលទៅកាន់ Safari
  • បន្ទាប់មក ចូលទៅកាន់ Content Blockers រួចចុចកុងតាក់បើកលើកម្មវិធី Ad Blocker ណាមួយដែលលោកអ្នកចង់ឱ្យវាដំណើរការបិទផ្ទប់ការផ្សាយពាណិជ្ជកម្មលើកម្មវិធី Safari

បញ្ជាក់: លោកអ្នកអាចចុចបើកដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយបាន ហើយវាក៏មិនមានការប៉ះពាល់អ្វីដែរ ប៉ុន្តែ លោកអ្នកមិនចាំបាច់បើកដំណើរការវាច្រើននោះទេ ពោល បើកតែមួយគឺគ្រប់គ្រាន់ហើយ។

Ad Guard

ជាជម្រើសកម្មវិធី Ad Blocker ក្នុងកម្មវិធី Safari ដ៏អស្ចារ្យមួយ ដែលអាចច្រោះការលោតពាណិជ្ជកម្មរហូតដល់ ៥០ ដំណាក់កាល។ ទោះយ៉ាងណា សមត្ថភាពច្រោះរបស់វាមួយចំនួនទាមទារឱ្យលោកអ្នកទិញ តែមួយចំនួនផ្សេងទៀត អាចប្រើប្រាស់ដោយសេរី និងដើរដោយស្វ័យប្រវត្តិ។ Ad Guard មានលក្ខណ:ពិសេសខុសពីប្រភេទកម្មវិធី Ad Blocker ដទៃ ដោយសារតែវាអនុញ្ញាតឱ្យលោកអ្នកបិទ/បើកតាមទំព័រអិុនធើណែតជាក់លាក់បានដោយការចុចលើមឺនុយ Share ក្នុងកម្មវិធី Safari។

២- 1Blocker

វាផ្តល់នូវជម្រើសងាយស្រួល និងរហ័សសម្រាប់បិទផ្ទប់បដាពាណិជ្ជកម្មផ្សេងៗដែលលោតឡើងក្នុងកម្មវិធី Safari ហើយលោកអ្នកនឹងឃើញពីប្រសិទ្ធភាពរបស់វាភ្លាមៗតែម្តង។ ម្យ៉ាងវិញទៀត វាមិនធ្វើឱ្យកម្មវិធី Safari មានដំណើរការយឺតនោះទេ។

៣- Block Ad by Neverads

វាជាកម្មវិធីដែលអាចទាញយកមកប្រើប្រាស់ដោយសេរី និងមានដំណើរការរហ័សទាន់ចិត្ត ហើយអ្វីដែលសំខាន់បំផុតនោះគឺ វាមានប្រសិទ្ធភាពខ្ពស់។ មិនតែប៉ុណ្ណោះ វាផ្តល់នូវល្បឿននៃការបើកចូលទៅកាន់គេហទំព័រផ្សេងៗលឿនជាងធម្មតាពីពីរទៅប្រាំដង ហើយក៏ជួយបញ្ជៀសការទាញយកទិន្នន័យអិុនធើណែតដែលមិនចាំបាច់ផងដែរ៕

បញ្ជាក់: សូមចុចលើឈ្មោះកម្មវិធីនីមួយៗដើម្បីធ្វើការទាញយកទៅដំឡើងប្រើលើទូរសព្ទរបស់លោកអ្នក!

ប្រភពព័ត៌មាន: maketecheasier   

មតិយោបល់