ព័ត៌មានបច្ចេកវិទ្យា

Apple ប្រកាសចេញបច្ចេកវិទ្យា AR ជាលើកដំបូងបង្អស់សម្រាប់ iOS Devices

នៅក្នុងព្រឹត្តិការណ៍ WWDC 2017 យប់ថ្ងៃទី ៦ មិថុនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Apple បានបើកបង្ហាញបច្ចេកវិទ្យារូបភាពនិម្មិតប្រចក្ស AR (Augmented Reality) របស់ខ្លួនជាលើកដំបូង តាមរយ:ឧបករណ៍ iPad Pro និងប្រព័ន្ធ iOS 11 ដែលមើលទៅគួរឱ្យទាក់ទាញយ៉ាងខ្លាំង។

បច្ចេកវិទ្យានេះ ត្រូវបានរំលេចចេញតាមរយ:មុខងារដែលក្រុមហ៊ុនឱ្យឈ្មោះ ARKit។ វាផ្គុំឡើងដោយបច្ចេកវិទ្យាកាមេរ៉ា និងអង្គញាណចាប់ចលនានៅលើឧបករណ៍ iPad និង iPhone ដើម្បីតាមចាប់ទីតាំងវត្ថុនៅទីកន្លែងជាក់ស្តែង ហើយវាក៏មិនខុសពីបច្ចេកវិទ្យាកាមេរ៉ា​ Daydream ជំនាន់បន្ទាប់របស់ក្រុមហ៊ុន Google គ្រោងនឹងបង្ហាញ​ឡើងនោះដែរ។

ARKit ក៏មានសមត្ថភាពសម្គាល់ផ្ទៃ គែម ឬទីតាំងដែលដម្កល់វត្ថុនិម្មិតផ្សេងៗ និងអាចវាស់ដឹងពន្លឺនៅជុំវិញវត្ថុនោះ ដើម្បីរំលេចស្រមោលដូចជាវាកំពុងឋិតនៅទីនោះដូច្នេះដែរ។ លើសពីនេះ វាក៏អាចនិម្មិតរូបភាពកម្មវិធី-ហ្គេមប្រភេទ AR ដូចជា Unreal Engine 4, Unity, និង Metal របស់ Apple ទៀតផង។

តាមការប្រកាសរបស់ក្រុមហ៊ុន ARKit គាំទ្រលើទូរសព្ទ iPhone 6S, SE ឡើង ព្រមទាំង iPad Pro និង iPad 9.7 ថ្មី ដែលទើបបានប្រកាសចេញ។

គួរបញ្ចាក់ថា បច្ចេកវិទ្យា AR ដូចគ្នានេះ ក្រុមហ៊ុន Microsoft, Google និង Facebook ជាដើម បានបង្ហាញចេញរួចទៅហើយ៕

ប្រភពព័ត៌មាន: cnet

មតិយោបល់