ព័ត៌មានបច្ចេកវិទ្យា

វីដេអូ iPhone 8 ថ្មី រំលេចច្បាស់តាំងពីក្បាលដល់ចុងជើង

វីដេអូ iPhone 8 ថ្មីមួយដែលមានរយ:ពេលជាង ៣ នាទី ត្រូវបានម្ចាស់គណនី YouTube ឈ្មោះ Tiger Mobiles ដាក់បង្ហាញឡើង និងត្រូវបានគេហទំព័រ Tom’s Guide យកមកចុះផ្សាយបន្តនៅថ្ងៃនេះ។

តាមរយ:វីដេអូនោះ គេអាចមើលឃើញយ៉ាងច្បាស់ពីរចនាបទរបស់ទូរសព្ទដែលពិភពលោកកំពុងទន្ទឹងរងចាំ នូវគ្រប់ជ្រុង តាំងពីគែមជុំវិញ ផ្ទៃអេក្រង់ខាងមុខ និងសម្បកខាងក្រោយ ជាមួយពណ៌ខ្មៅភ្លឺរលើបរលោង។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ គេពុំឃើញមានបន្ទះស្កេនក្រយៅដៃនៅខាងក្រោយទេដូចរូបភាពបែកធ្លាយកន្លងមកទេ ដែលនេះ អាចផ្តល់តម្រុយ Apple ប្រហែលជារកឃើញបច្ចេកទេសក្នុងការច្របាច់បញ្ចូលបន្ទះស្កេនក្រយៅដៃនៅពីក្រោមស្រទាប់កញ្ចក់អេក្រង់ហើយ ខណ:ផ្ទៃអេក្រង់ខាងមុខមានសភាពរាបស្មើ គ្មានឃើញប៊ូតុង Home ខុបចុះអ្វីឡើយ។

ដោយឡែក នៅផ្នែកខាងក្រោយ គឺមានបំពាក់កាមេរ៉ាភ្លោះបញ្ឈរ អមដោយពិល Flash មួយនៅចំចន្លោះកណ្តាល ខុសពី iPhone 7 Plus ដែលមានកាមេរ៉ាភ្លោះរាងផ្តេក។

យោងតាមអ្នកទម្លាយវីដេអូ ប៉ាន់ទូរសព្ទ iPhone 8 ថ្មីនេះ មានប្រវែងវែង និងធំជាង iPhone 7 បន្តិច ប៉ុន្តែ ខ្លី និងតូចជាង iPhone 7 Plus។ ពោលគឺ វាមានកម្រាស់ ៧.៥ មីល្លីម៉ែត្រ ឬ ៩.១ មីល្លីម៉ែត្រ បើវាស់ទាំងក្បាលកាមេរ៉ាភ្លោះខាងក្រោយដែលលៀនឡើង៕

ប្រភពព័ត៌មាន: tomsguide

មតិយោបល់