ព័ត៌មានបច្ចេកវិទ្យា

Apple ដាក់ចេញ iOS កំណែ 10.3.3 នៅថ្ងៃនេះហើយ!

ឥឡូវនេះ ប្រិយមិត្តដែលកំពុងប្រើប្រាស់ iOS Devices ដែលរួមមាន iPhone, iPad, និង iPod Touch អាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ​ iOS នៅលើឧបករណ៍របស់ខ្លួនឱ្យឡើងដល់ជំនាន់ 10.3.3 បានហើយ។

កំណែចុងក្រោយនេះ ត្រូវបានដាក់ចេញដើម្បីដោះស្រាយនូវកំហុសឆ្គងផ្សេងៗដែលកើតមាននៅលើប្រព័ន្ធចាស់ និងដើម្បីធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធសន្តិសុខសុវត្ថិភាពទិន្នន័យរបស់ឧបករណ៍ ហើយវាក៏អាចជា iOS 10 ជំនាន់ចុងក្រោយបង្អស់ផងដែរ មុនពេលការដាក់ឱ្យប្រើប្រាស់ iOS 11 នាពេលឆាប់ៗខាងមុខ។

ប្រព័ន្ធកម្មវិធីថ្មី ដែលកាន់តែសប្បូរបែបនេះ ត្រូវគេជឿថា នឹងចេញជំនាន់សម្រេចរបស់វា ស្របពេលជាមួយការប្រកាសចេញ iPhone ស៊េរីថ្មីនៅក្នុងខែកញ្ញា ដូចកាលពីឆ្នាំមុន។ តែទោះយ៉ាងណា បើយោងតាមព័ត៌មាន​ចចាម​អារ៉ាមកន្លងមក Apple អាចនឹងពន្យាពេលចេញ​ iPhone ស៊េរីឆ្នាំ ២០១៧ របស់ខ្លួន ដែលគេជឿថា នឹងមាន ៣ ម៉ូឌែលៈ iPhone 7s, 7s Plus, និង 8 ដោយសារបញ្ហាបច្ចេកទេសក្នុងការច្របាច់បញ្ចូលបច្ចេក​វិទ្យាស្កេនក្រយៅដៃនៅក្រោមស្រទាប់កញ្ចក់អេក្រង់។

ចំពោះកំណែ iOS 10.3.3 គឺមានការបង្កើនសមត្ថភាពមុខងារ Find My AirPods ឱ្យកាន់តែងាយស្រួលក្នុងការស្វែងរកកាសស្តាប់ត្រចៀកឥតខ្សែមកវិញ ក្នុងករណីដែលវាជ្រុសបាត់ បន្ថែមពីលើការដាក់បញ្ចូលកម្មវិធីផ្លាស់ប្តូរចលនាផ្ទាំងកម្មវិធី និងផ្ទាំង Podcasts ថ្មី។

ប្រិយមិត្តអាចធ្វើការកែ ឬធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការលើ iOS Devices របស់ខ្លួនឱ្យឡើងដល់ជំនាន់ចុងក្រោយបង្អស់នេះបាន នៅលើឧបករណ៍របស់ខ្លួនផ្ទាល់ តាមរយៈការចូលទៅកាន់ Settings -> General -> Software Update៕

ប្រភពព័ត៌មានៈ phonearena

មតិយោបល់