ក្រុមហ៊ុន Apple ឆាប់ៗនេះ អាចនឹងបោះទុនបន្ថែមប្រមាណ ២.៧ ពាន់លានដុល្លារ ដើម្បីបញ្ជាទិញអេក្រង់ OLED ពីក្រុមហ៊ុន LG សម្រាប់ទូរសព្ទ iPhone ជំនាន់បន្តបន្ទាប់របស់ខ្លួន និងដើម្បីធ្វើឱ្យប្រាកដថា ការផ្គត់ផ្គងអាចបំពេញទម្រូវការទីផ្សារគ្រប់គ្រាន់។ នេះយោងតាមរបាយការណ៍ថ្មីពីសារព័ត៌មាន Korean Economic Daily។
ចំពោះការបង់ប្រាក់ដ៏ច្រើនក្រាស់ក្រែលនេះ សម្រាប់បន្ទះអេក្រង់ប្រភេទថ្មីរបស់ផលិតផលទូរសព្ទដៃ iPhone ត្រូវគេអះអាងថា នឹងធ្វើឡើងជាមុន ហើយ Apple ត្រូវគេរំពឹងថា នឹងត្រៀមអេក្រង់ OLED ជំនាន់ទី ៦.៥ ចំនួន ៤៥.០០០ បន្ទះ ចាប់ពីឆ្នាំ ២០១៩។
គួរបញ្ជាក់ថា ទូរសព្ទដៃ iPhone ស៊េរីឆ្នាំ ២០១៧ ដែលនឹងមកដល់ឆាប់ៗនេះ ក៏ត្រូវគេអះអាងថា នឹងជ្រើសរើសប្រើអេក្រង់ OLED ផងដែរ ប៉ុន្តែ វាត្រូវបានផលិតដោយក្រុមហ៊ុន Samsung Display។
គួររំឭកថា កាលពីខែមេសាកន្លងមកនេះ Apple ត្រូវគេរាយការណ៍ថា បានបញ្ជាទិញអេក្រង់ពត់បាន ៧០ លានបន្ទះ ពីក្រុមហ៊ុន Samsung សម្រាប់ iPhone 8ហើយខ្លួនក៏កំពុងជួបបញ្ហាក្នុងការស្វែងរកដៃគូអ្នកផ្គត់ផ្គងបន្ទះអេក្រង់ប្រភេទថ្មីនេះសម្រាប់ផលិតផលរបស់ខ្លួនផងដែរ៕
ប្រភពព័ត៌មានៈ gadgetnow
មតិយោបល់