ព័ត៌មានបច្ចេកវិទ្យា

YouTube បញ្ចេញមុខងារ Chat លក្ខណៈឯកជនហើយ មានដឹងអត់?

ក្រោយពីដាក់សាកល្បងបានជាងមួយឆ្នាំរួចមក មុខងារឆ្លើយឆ្លងសារជាលក្ខណៈឯកជននៅលើបណ្តាញសង្គមវីដេអូ YouTube ត្រូវបានបើកឱ្យប្រើប្រាស់ដល់មនុស្សគ្រប់គ្នាហើយ។

តាមរយៈកំណែចុងក្រោយនេះនៅលើទូរសព្ទដៃ លោកអ្នកដែលមានគណនី YouTube ឬ Gmail នឹងអាចធ្វើការចែកបន្តវីដេអូ YouTube និងជជែកអំពីវីដេអូនោះក្នុងប្រអប់សារជាមួយមិត្តភក្តិ ដោយមិនចាំបាច់បារម្ភមានអ្នកដទៃចូលលូកមាត់លូកករំខានឡើយ។

ក្រុមហ៊ុន Google បានថ្លែងឱ្យដឹងថា តាមរយៈមុខងារថ្មីនេះ វានឹងធ្វើឱ្យលោកអ្នកអាចធ្វើការចែកបន្តវីដេអូនៅក្នុងបណ្តាញ YouTube បានកាន់​តែ​ងាយស្រួល កាន់តែរហ័ស និងកាន់តែរីករាយនៅលើទូរសព្ទរបស់ខ្លួន។

លោកអ្នកអាចចែកបន្តវីដេអូជាមួយមនុស្សដែលលេខទូរសព្ទរបស់ពួកគេមាននៅក្នុងកម្មវិធី Contacts ឬតាមតំណភ្ជាប់មួយបាន ហើយវាគាំទ្រការចែកបន្តក្នុងក្រុមមានគ្នារហូតដល់ ៣០ នាក់។

ចំពោះវីដេអូដែលបានចែកបន្ត វានឹងចាក់ក្នុងសារផ្ទាល់តែម្តង ប៉ុន្តែ លោកអ្នកក៏អាចធ្វើការបញ្ចូលពាក្យពេចន៍ រូបតុក្កតាស៊ីអារម្មណ៍តូចៗ និងរូបបេះដូងទៅឱ្យសមាជិកម្នាក់ៗក្នុងប្រអប់សារក្រុមបានផងដែរ។

គួររំឭកថា Google បានសាកល្បងមុខងារ Chat ថ្មីមួយនេះ តាំងពីចុងខែមិថុនា ឆ្នាំ ២០១៦ មកម្លេះ ប៉ុន្តែ ក្រុមហ៊ុនទើបតែបើកឱ្យគ្រប់គ្នាប្រើនៅថ្ងៃម្សិលមិញប៉ុណ្ណោះ។

គោលបំណងនៃការបង្កើតវាឡើង គឺដើម្បីធ្វើឱ្យ YouTube កាន់តែមានលក្ខណៈជាបណ្តាញសង្គម តាម​រយៈ​ឧកបរណ៍ ឬមធ្យោបាយដែលអាចជំរុញឱ្យអ្នកប្រើប្រាស់បង្កើនការសន្ទនាជាមួយគ្នានឹងគ្នាបានកាន់តែច្រើនលើវីដេអូដែលពួកគេចាប់អារម្មណ៍នៅខាងក្នុងកម្មវិធីផ្ទាល់៕

ប្រភពព័ត៌មានៈ mashable

មតិយោបល់