ព័ត៌មានអន្តរជាតិ

អាមេរិក ទំនងជានឹងប្រើយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ វាយប្រហារទៅលើកូរ៉េខាងជើង

អាមេរិកៈ ប្រភពពីមន្ត្រីយោធាអាមេរិក បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ចំនួន ០៦ គ្រឿង បានក្លាយជាជម្រើសមួយ សម្រាប់យោធាអាមេរិក នៅកោះហ្គាម ដើម្បីធ្វើការវាយប្រហារប្រឆាំងនឹងកូរ៉េខាងជើង ដែលទំនងជានឹងធ្វើវាទ្បើងចេញពីដែនទឹក, ដីគោក ឬតាមប្រព័ន្ធអ៊ីនធើណែតផងដែរ ប្រសិនបើមានបញ្ជាពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

ប្រភពដដែល បានឲ្យដឹងទៀតថា យោធាអាមេរិក បានកំណត់គោលដៅចំនួនពីរ នៅកូរ៉េខាងជើង ដែលជាទីតាំងចាប់ផ្តើមការសាកល្បង និងកន្លែងផ្គត់ផ្គង់អាវុធ ដែលនឹងត្រូវធ្វើការវាយប្រហារនេះ។

មកទល់ពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានបង្កើនការហ្វឹកហ្វឺនយន្តហោះទម្លាក់គ្រាប់បែក B-1B ដែលឈរជើងនៅឯមូលដ្ឋានទ័ពអាកាសអាន់ដឺសុន នៅលើកោះហ្គាម បន្ទាប់ពីមានភាពតានតឹង ជុំវិញការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។

សូមជំរាបថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង ត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់កាំជ្រួចមីស៊ីលចំនួនបួនគ្រាប់ ទៅជិតមូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម នាពាក់កណ្ដាលខែសីហាខាងមុខ ដែលការប្រកាសយ៉ាងដូច្នេះ បានធ្វើទ្បើងបន្ទាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា «រាល់ការប៉ុនប៉ុងគំរាមគំហែងរបស់កូរ៉េខាងជើង នឹងត្រូវប្រឈមវិធានការក្ដៅៗ របស់អាមេរិក៕

មតិយោបល់