ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានព្រមានទៅកាន់កូរ៉េខាងជើង កាលពីថ្ងៃសុក្រថា ប្រសិនបើក្រុងព្យុងយ៉ាង ធ្វើការវាយប្រហារគ្រាប់មីស៊ីលប្រឆាំងនឹងក្រុងវ៉ាស៊ីនតោន នោះជារឿងជៀសមិនផុតនោះទេ ដែលអាមេរិកនឹងធ្វើការសងសឹកមកវិញ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។
ដោយទ្បែកពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសចិនក៏បានអំពាវនាវឲ្យមានការចរចារ រវាងប្រទេសទាំងពីរផងដែរ ដើម្បីដោះស្រាយភាពតានតឹងកំពុងកើនឡើង នៅលើឧបទ្វីបកូរ៉េ។
តាមការចេញផ្សាយរបស់កាសែតរដ្ឋចិន Global Times បានឲ្យដឹងថា «ចិននឹងប្រកាន់ជំហរអព្យាក្រឹត ប្រសិនបើកូរ៉េខាងជើង ធ្វើការវាយប្រហារទៅកាន់ទឹកដីអាមេរិក ជាមួយនឹងការបាញ់មីស៊ីល ហើយអាមេរិកសងសឹកមកវិញនោះ ប៉ុន្តែបើក្រុងវ៉ាស៊ីនតោន និងកូរ៉េខាងត្បូង ធ្វើការវាយប្រហារកូរ៉េខាងជើង ដើម្បីព្យាយាមផ្តួលរំលំរបបដឹកនាំក្រុងព្យុងយ៉ាង និងផ្លាស់ប្តូរនយោបាយនៅលើឧបទ្វីបកូរ៉េនោះ ចិននឹងរារាំងពួកគេមិនឲ្យធ្វើដូច្នេះទ្បើយ»៕
ក្នុងនោះរដ្ឋាភិបាលក្រុងប៉េកាំង ក៏បានបញ្ជាក់ទៀតថា ប្រសិនបើសកម្មភាពប្រទេសទាំងពីរ បង្កឲ្យអន្តរាយដល់ផលប្រយោជន៍របស់ចិន នោះរដ្ឋាភិបាល នឹងធ្វើការឆ្លើយតបទៅវិញផងដែរ។
សូមជំរាបថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់កាំជ្រួចមីស៊ីលចំនួនបួនគ្រាប់ ទៅជិតមូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម នាពាក់កណ្ដាលខែសីហាខាងមុខ ដែលការប្រកាសយ៉ាងដូច្នេះ បានធ្វើទ្បើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា «រាល់ការប៉ុនប៉ុងគំរាមគំហែង របស់កូរ៉េខាងជើង នឹងត្រូវប្រឈមវិធានការក្ដៅៗ របស់អាមេរិក៕
មតិយោបល់