ព័ត៌មានបច្ចេកវិទ្យា

នរណានៅមិនទាន់ច្បាស់ថា iPhone 8 រាងយ៉ាងម៉េច រូបភាពបែកធ្លាយថ្មីនេះគួរតែអាចបញ្ជាក់បានហើយ!

រដូវកាលផលិត iPhone ស៊េរីថ្មីបានចាប់ផ្តើមហើយ ដែលនេះមានន័យថា យើងនឹងឃើញសមាសធាតុផ្សំផ្សេងៗរបស់ iPhone 8 និង iPhone 7s បែកធ្លាយចេញពីតំបន់អាស៊ីដូចឆ្នាំកន្លងអីចឹងដែរ មុនពេលក្រុមហ៊ុន Apple ប្រកាសពួកវាចេញជាផ្លូវការនៅខែក្រោយ។

របាយការណ៍ចុងក្រោយចេញពីតំបន់អាស៊ី អះអាងថា រោងចក្រផ្គត់ផ្គង់ផលិតកម្ម iPhone ឱ្យ Apple បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការផលិតគ្រឿងផ្សំទូរសព្ទដ៏ពេញនិយមនេះក្នុងទ្រង់ទ្រាយធំ ហើយ​រោងចក្រដំឡើងក៏បានត្រៀមខ្លួនរួចរាល់ផងដែរ សម្រាប់ដំណើរការផ្គុំសមាធាតុផ្សំទាំងនោះបញ្ចូលគ្នា ទៅជាផលិតផល iPhone សម្រេច។

ស្របពេលជាមួយគ្នា រូបភាពដ៏ថ្មីស្រឡាងប៉ុន្មានសន្លឹកដែលគេអះអាងថាជាសមាសធាតុផ្សំរបស់ iPhone 8 ត្រូវបានគេទម្លាយឱ្យឃើញ ចេញពីប្រភពនៅប្រទេសចិន នៅថ្ងៃច័ន្ទម្សិលមិញ។

តាមរយៈរូបភាពទាំងនោះ គេបានស្តែងឱ្យឃើញអេក្រង់របស់ iPhone 8 ដែលត្រូវបានបង្ហោះផ្សាយនៅបណ្តាញសង្គម Weibo របស់ចិន កាលពីសប្តាហ៍មុន ដែលវាស៊ីគ្នាទៅនឹងរចនាបទរបស់ iPhone 8 បែកធ្លាយកន្លង​មក។

ពោលគឺ វាជាអេក្រង់ស្ទើរគ្មានស៊ុមព័ទ្ធជុំវិញ ហើយគែមខាងលើ គឺមានកម្រាស់ដ៏ស្តើង និងរំលេចឱ្យឃើញរន្ធ Sensor, កាមេរ៉ា និងបំពងសំឡេង។ បន្ថែមពីលើនេះ វាក៏បង្ហាញឱ្យឃើញខ្សែអេក្រង់ខាងក្នុងសម្រាប់តភ្ជាប់អេក្រង់ទៅម៉ាស៊ីនទូរសព្ទផងដែរ។

រូបភាពមួយក្នុងចំណោមរូបភាពទាំងនោះ បានបង្ហាញពីការប្រៀបធៀបទូរសព្ទ iPhone 7 និង​ iPhone 8 ដែលបញ្ជាក់ឱ្យឃើញថា វាមានទំហំបិុនគ្នាដូចការរំពឹងទុកពីមុន បើទោះជា iPhone 8 មានទំហំអេក្រង់ធំជាង iPhone 7 ក៏ដោយ។

ទោះយ៉ាងណា គេមិនដឹងថាសមាធាតុ iPhone ទាំងនេះ មានប្រភពចេញមកពីណាឱ្យប្រាកដនោះទេ ប៉ុន្តែ ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ខណៈបណ្តាញសារព័ត៌មានអនឡាញ តែងតាមប្រមាញ់ព័ត៌មានលាក់ការទាំងនេះ ដើម្បីទម្លាយឱ្យសាធារណជនបានជ្រាប មុនការប្រកាសចេញជាផ្លូវការរបស់វា។

ដូច្នេះ ការពិតឬយ៉ាងណានោះ គឺមានតែប្រិយមិត្តរងចាំតាមដានបន្តជាមួយ Post Tech នៅខែកញ្ញាក្រោយនេះប៉ុណ្ណោះ៕

ប្រភពព័ត៌មានៈ bgr

មតិយោបល់