ខណៈក្រុមហ៊ុន Apple ពង្រីកសែស្រឡាយគ្រួសារ iPhone ចំនួន ៣ ម៉ូឌែលបន្ថែមទៀតនៅយប់មិញ កម្មវិធីកំណែចុងក្រោយរបស់ iTunes ទាំងសម្រាប់ប្រព័ន្ធ Windows និង Mac ត្រូវបានដកចេញនូវឃ្លាំងកម្មវិធិ iOS ចោលទាំងស្រុង ព្រមទាំងមានការរុះរើមាតិកាថ្មីមួយចំនួនទៀតផង។
ប្រសិនបើប្រិយមិត្តធ្វើបច្ចុប្បន្នភាពកម្មវិធីនេះឱ្យឡើងដល់ជំនាន់ 12.7 នោះនឹងលែងអាចចូលទៅកាន់ឃ្លាំងកម្មវិធី-ហ្គេមសម្រាប់ iOS Devices របស់ខ្លួនតទៅទៀតហើយ។ មូលហេតុដែល Apple សម្រេចដកផ្នែកដ៏សំខាន់នេះចេញ គឺដោយសារតែក្រុមហ៊ុនចង់ឱ្យអ្នកប្រើប្រាស់ផ្តោតការយកចិត្តទុកដាក់ទៅលើផលិតផលសំខាន់ៗរបស់ខ្លួនដូចជា Music, Movie, TV Shows, Podcasts និង Audiobooks។ ការផ្លាស់ប្តូរនេះដែរ គឺនាំឱ្យគ្រប់គ្នាត្រូវតែប្រើប្រាស់ iPhone, iPad, ឬ iPod Touch ដើម្បីទាញយកកម្មវិធី-ហ្គេមដែលចង់បានតាមតែលើឧបករណ៍របស់ខ្លួនមួយមុខគត់។
ចំពោះ iTunes កំណែចុងក្រោយនេះ ក្រុមហ៊ុនអាមេរិកបានបន្ថែមសមត្ថភាពផ្ទេរ Social Music ជាមួយឧបករណ៍ដែលដំណើរការលើ iOS 11 សម្រាប់អ្នកដែលបានជាវសេវាកម្ម Apple Music។
ការផ្លាស់ប្តូរដទៃផ្សេងទៀត គឺមានដូចជា ការចលតមាតិកា iTunes U ទៅកាន់ផ្នែក Podcast ការទាញយកសំឡេងរោទិ៍ឡើងវិញអាចធ្វើឡើងតាម iPhone ឬ iPad ដើរលើ iOS 11 ផ្ទាល់ ហើយផ្នែក Internet Radio បានរុញទៅចូលក្នុង Music Library (បណ្តាល័យតន្រ្តី) ជាដើម។

ក្រុមហ៊ុន Apple បាននិយាយថា ប្រសិនបើអ្នកប្រើប្រាស់ iPhone ណាចង់ Restore បទចម្រៀង ឬកម្មវិធីដែលលែងមានតទៅទៀត ក៏នៅតែអាចធ្វើបានដដែលតាមកម្មវិធី iTunes ដោយភ្ជាប់ទូរសព្ទរបស់ខ្លួនទៅកាន់ PC (កុំព្យូទ័រលើតុ ឬយួរដៃ) តាមខ្សែ USB៕
ប្រភពព័ត៌មានៈ engadget
មតិយោបល់