ព័ត៌មានបច្ចេកវិទ្យា

HTC មិនទាន់ចុះចាញ់ទេ តែនឹងបញ្ចេញអាវុធថ្មី ប្រជែង iPhone X និង​ Note 8

ក្រោយពីជួបការលក់ធ្លាក់ចុះជាបន្តបន្ទាប់ រហូតនាំឱ្យកើតមានបញ្ហាផ្នែកហិរិញ្ញវត្ថុ និងបន្ទាប់ពីទទួលបានជំនួយទឹកប្រាក់ ១.១ ពាន់លានដុល្លារ ពីក្រុមហ៊ុន Google ជាថ្នូរនឹងអាជ្ញាបណ្ណបច្ចេកវិទ្យា IP របស់ខ្លួនមក ក្រុមហ៊ុន HTC មិនទាន់បោះបង់សង្វៀនស្មាតហ្វូនដែលខ្លួនបានចាប់ប្រឡូកតាំងពីឆ្នាំ ២០០៨ មកនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់មួយនេះ អាចនឹងបញ្ចេញកំពូលស្មាតហ្វូនស៊េរីថ្មីមួយម៉ូឌែលឈ្មោះ U11 Plus ក៏មានសក្តានុពល ប្រណាំងប្រជែងជាមួយ iPhone X និង Galaxy Note 8។ នេះបើព័ត៌មានចចាម អារ៉ាមលេចឮថ្មីៗ គឺជាការពិត។

យោងតាមគេហទំព័របារាំងមួយឈ្មោះ Frandroid ដែលតែងតែរាយការណ៍ព័ត៌មានគួរជាទីទុកចិត្ត បានឱ្យដឹងថា ក្រុមហ៊ុន HTC គ្រោងនឹងប្រកាសចេញស្មាតហ្វូនលំដាប់កំពូលជំនាន់បន្ទាប់មួយឈ្មោះ U11 Plus នៅខែវិច្ឆិកា ហើយវានឹងបំពាក់អេក្រង់ធំលាតគ្មានស៊ុមទំហំ ៥.៩៩ អីុញ ប្រើខ្នាតបញ្ចាំងរូបភាពទំហំ ១៤៤០ x ២៨៨០ ភិចសែល និងមាត្រដ្ឋាន ១៨:៩ ដូចទៅនឹង LG V30 និងអេក្រង់ស្មាតហ្វូនស៊េរីខ្ពស់ៗមួយចំនួនទៀតដែរ។

ប្រភពព័ត៌មានក្រៅផ្លូវការដដែលបានបន្ថែមទៀតថា​ HTC U11 Plus នឹងប្រើបន្ទះឈីបជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Quadcomm ម៉ូឌែល Snapdragon 835 អមដោយ RAM ទំហំ ៤/៦ GB និងមេម៉ូរីក្នុងម៉ាស៊ីនទំហំ ៦៤/១២៨ GB។ មិនតែប៉ុណ្ណោះ វានឹងស្រោបដោយប្រព័ន្ធការពារជម្រាបទឹក និងការប្រឡាក់ធូលីស្តង់ដា IP68 ហើយកាមេរ៉ាក្រោយទំហំ ១២ MP និងកាមេរ៉ាមុខទំហំ ៨ MP និងបំពាក់មុខងារច្របាច់សម្រាប់បើកដំណើរការកម្មវិធី ឬមុខងារសំខាន់ៗមួយចំនួនទៅតាមការកំណត់របស់អ្នកប្រើប្រាស់។

គេហទំព័រ Frandroid បានគូសបញ្ជាក់ទៀតថា U11 Plus នឹងបង្ហាញវត្តមាននៅថ្ងៃទី ១១ វិច្ឆិកា ព្រមគ្នាជាមួយម៉ូឌែលជម្រើសសមត្ថភាពកម្រិតមធ្យម U11 Life ហើយម៉ូឌែលទាំងពីរ នឹងចេញនៅប្រទេសចិន មុនគេ បន្ទាប់មក វានឹងចែកចាយនៅកាន់ទីផ្សារសកលតាមក្រោយ។

គួរបញ្ជាក់ថា នៅក្នុងឱកាសប្រកាសឱ្យដឹងជាផ្លូវការពីកិច្ចព្រមព្រៀងតម្លៃជាងមួយពាន់លានដុល្លារជាមួយ Google ក្រុមហ៊ុន HTC ក៏បានបង្ហើបឱ្យដឹងផងដែរថា ខ្លួនកំពុងធ្វើការលើស្មាតហ្វូនលំដាប់ខ្ពស់ស៊េរីបន្ទាប់មួយ ដែលនេះគឺស៊ីគ្នាទៅនឹងព័ត៌មានចចាមអារ៉ាមខាងលើតែម្តង។

ទាក់ទងទៅនឹងដំណឹងនេះ មានមតិជាច្រើនចោទសួរថា តើ U11 Plus អាចប្រកួតប្រជែងជាមួយនឹង iPhone X, Galaxy Note 8 ឬ LG V30 ម្តេចនឹងទៅរួច បើវាគ្មានកាមេរ៉ាភ្លោះផង៕

ប្រភពព័ត៌មានៈ phonearena

មតិយោបល់