ដោយសារការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា GPS បំពាក់លើស្មាតហ្វូន ការធ្វើដំណើរពីទីកន្លែងមួយទៅទីកន្លែង គឺមានភាពកាន់តែងាយស្រួល តាមរយៈកម្មវិធីផែនទីដូចជា Google Maps ហើយវាក៏ជួយឱ្យពួកគេលែងវង្វេងផ្លូវផងដែរ។
នៅក្នុងឆ្នាំ ២០១៨ ខាងមុខ គេនឹងផលិតចេញបន្ទះឈីប GPS សម្រាប់ស្មាតហ្វូនជំនាន់ថ្មី ដែលនឹងជួយឱ្យប្រព័ន្ធចាប់សញ្ញាពីផ្កាយរណបអាចដៅទីតាំងដែលអ្នកប្រើប្រាស់កំពុងឋិតនៅកាន់តែសុក្រិតខ្លាំងជាងមុន។
បើតាមសេចក្តីការណ៍ពីគេហទំព័រ Android Authority វានឹងអាចក្រិតទីតាំងរបស់ស្មាតហ្វូនក្នុងរង្វង់ចាប់ពី ៥ ម៉ែត្រ ដល់ ៣០ សង់ទីម៉ែត្រ។ គេហទំព័រដដែលបានឱ្យដឹងបន្ថែមថា នៅឯសន្និសីទ្ធកាសែត ION GNSS+ ដែលបានប្រព្រឹត្តិទៅនៅក្នុងប្រទេសប៉ូឡូញ ក្រុមហ៊ុនបច្ចេកវិទ្យាឥតខ្សែ Broadcom Limited បានប្រកាសចេញបន្ទះឈីប GPS ថ្មីមានឈ្មោះសម្គាល់ BCM47755 ហើយថាវាត្រូវបានរចនាសម្រាប់បំពាក់នៅលើស្មាតហ្វូនមួយចំនួនរួចរាល់ហើយ។
បន្ថែមពីលើនេះ ដោយយោងតាមទស្សនាវដ្តី IEEE Spectrum បន្ទះឈីប BCM47755 មានសមត្ថភាពកាន់តែខ្លាំង ហើយស៊ីថាមពលថ្មតិចជាងឈីបបច្ចុប្បន្នពាក់កណ្តាល។ ពិសេសជាងនេះ វានៅតែអាចដំណើរការមុខងារបានដដែល បើទោះបីជាឋិតនៅក្នុងរោងក្រោមដីរបស់ទីក្រុងដែលគ្របដណ្តប់ដោយបេតុងក៏ដោយ។
ក្រុមហ៊ុន Broadcom ត្រូវគេអះអាងថា កំពុងធ្វើការសាកល្បងបន្ទះឈីបនេះ ហើយនឹងរួចរាល់សម្រាប់ប្រើនៅលើស្មាតហ្វូនផ្សេងៗក្នុងឆ្នាំ ២០១៨ ដែលអាចជា LG G7 និង Galaxy S9៕
មតិយោបល់