ក្រោយពីមានរបាយការណ៍ត្អូញត្អែរពេញបណ្តាញផ្សព្វផ្សាយព័ត៌មានបច្ចេកវិទ្យាអំពីបញ្ហាដែលកើតមានឡើងចំពោះអ្នកប្រើប្រាស់ iPhone ក្រោយពីពួកគេ Update ប្រព័ន្ធទូរសព្ទរបស់ខ្លួនឱ្យឡើងដល់ iOS 11 ជាបន្តបន្ទាប់មក ក្រុមហ៊ុន Apple បានបន្តធ្វើបច្ចុប្បន្នភាព (Update) ប្រព័ន្ធប្រតិបត្តិការចល័តរបស់ខ្លួនបន្ថែមទៀត។
កាលពីម្សិលមិញ iOS 11.0.2 ត្រូវបានបើកឱ្យអ្នកប្រើប្រាស់ឧបករណ៍ iOS Devices ទាញយក នៅជុំវិញពិភពលោក បន្ទាប់ពី iOS 11.0.1 ទើបតែដាក់ចេញមិនទាល់បានមួយសប្តាហ៍ផង។
តាមសេចក្តីរាយការណ៍នៅលើគេហទំព័រ Mac Daily News បានឱ្យដឹងថា iOS ជំនាន់ថ្មីបំផុតនេះ មិនត្រឹមតែជួសជុលបញ្ហា និងកំហុសឆ្គងមួយចំនួនដែលកើតមានឡើងនៅលើជំនាន់មុនប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជួយសន្សំសំចៃមេម៉ូរីរបស់ទូរសព្ទ iPhone និងឧបករណ៍ iPad របស់អ្នកប្រើប្រាស់បានមួយចំំណែកផងដែរ។ បើតាមការសាកល្បង គឺបានប្រមាណពាក់កណ្តាល១ជីហ្គាបៃយ៍។
បន្ថែមពីលើនេះ ប្រភពដដែលបានគូសបញ្ជាក់ថា ទំហំមេម៉ូរីដែល iOS 11.0.2 អាចរំដោះបាន គឺអាស្រ័យទៅលើប្រភេទឧបករណ៍ទាំងស្រុង ទំហំមេម៉ូរី និងប្រភេទទិន្នន័យ និងព័ត៌មានដែលផ្ទុកលើវា។ ជាទូទៅ កាលណាទំហំមេម៉ូរីលើឧបករណ៍កាន់តែធំ វាកាន់តែអាចជួយសន្សំសំចៃមេម៉ូរីបានកាន់តែច្រើន៕
មតិយោបល់