ព័ត៌មានបច្ចេកវិទ្យា

អ្នកប៉ងទិញ iPhone X តែលុយនៅស្ទើរ ឆ្នាំក្រោយអាចមានសង្ឃឹម

iPhone X គឺជាស្មាតហ្វូនដ៏អស្ចារ្យ និងទំនើបបំផុតមិនធ្លាប់របស់ក្រុមហ៊ុន Apple ដោយសារតែវាបានពាំនាំមកជាមួយលក្ខណៈ និងបច្ចេកវិទ្យាជាន់ខ្ពស់ថ្មីៗជាច្រើន ដែលធ្វើឱ្យអ្នកគាំទ្រផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនអាមេរិកមួយនេះ លង់នឹងសម្រស់វាមិនតិចនោះទេ។ ប៉ុន្តែ គួរឱ្យស្តាយ កំពូលទូរសព្ទដែលអភិវឌ្ឍឡើងសម្រាប់អបអរខួបគម្រប់ ១០ ឆ្នាំនៃការបង្កើតវា គឺមានតម្លៃលក់ទាបបំផុតចាប់ផ្តើមពី ៩៩៩ ដុល្លារ ឯណោះ ដែលធ្វើឱ្យបេះដូងអ្នកគាំទ្រខ្ទេចខ្ទាំយ៉ាងខ្លាំង។

ទាក់ទងទៅនឹងតម្លៃដ៏ខ្ពស់កប់នេះ ក្រុមហ៊ុន Apple ក៏បានគិតគូរយ៉ាងខ្លាំងផងដែរ។

យោងតាមរបាយការណ៍ព័ត៌មានចេញពីគេហទំព័រដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនមួយបានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងធ្វើការអភិវឌ្ឍស្មាតហ្វូនជំនាន់បន្ទាប់របស់ iPhone X ពីរម៉ូឌែល សម្រាប់ឆ្នាំ ២០១៨ ដែលមានតម្លៃទាបជាង​ iPhone X ដែលនឹងផ្តើមចែកចាយលក់នៅដើមខែវិច្ឆិកាខាងមុខ។

គេហទំព័រ Economic Dailyបានរាយការណ៍ថា Apple នឹងផលិតចេញ iPhone X ម៉ូឌែលខ្ពស់ផុតលេខមួយ និងម៉ូឌែលខ្ពស់កម្រិតទាបមួយ ដែលត្រូវបានគេហៅថា Lisbon និង Hangzhou ដើម្បីផ្តោតការវាយលុកចូលក្នុងប្រទេសចិន ដែលជាឋានសួគ៌ានៃទីផ្សារស្មាតហ្វូនតម្លៃមធ្យម។

កន្លងមក Apple ត្រូវគេរាយការណ៍ថា បាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក្នុងគោល​បំណងដើម្បីធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមក្នុងការផលិតស្មាតហ្វូនជំនាន់ក្រោយៗរបស់ខ្លួនឱ្យដល់កម្រិត​អតិបរមា ជាពិសេសលើថ្លៃដើមក្នុងការផលិតអេក្រង់ប្រភេទ OLED ដែលបច្ចុប្បន្ន Samsung គឺជាដៃគូផ្គត់ផ្គង់តែមួយគត់។

យោងតាមប្រភពព័ត៌មានពីគេហទំព័រ BGR ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតអេក្រង់របស់ប្រទេសជប៉ុន JDI Display និងក្រុមហ៊ុន LG Electronics របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីអាចបង្កើតអេក្រង់គ្មានគែមប្រភេទ OLED ជំនួសអេក្រង់ OLED របស់ Samsung។

តាមរយៈចលនាស្វែងរកដៃគូផ្គត់ផ្គង់ថ្មីនេះ រួមទាំងរចនាសម្ព័ន្ធនៃចង្វាក់ផលិតកម្ម iPhone X ដែលមានស្រាប់ ប្រភព​ពីគេហទំព័រប្រទេសជប៉ុន Macotakara រំពឹងថា​ តម្លៃ iPhone X ជំនាន់ក្រោយ នឹងកាត់បន្ថយបានប្រមាណ ៩០ ដុល្លារ ជាមួយការរក្សាលក្ខណៈសម្បត្តិសំខាន់ៗដែលមាននៅលើ iPhone X បច្ចុប្បន្នឱ្យនៅដដែលទាំងស្រុង ឬស្ទើរតែទាំងអស់ រាប់បញ្ចូលទាំងមុខងារ Face ID សមត្ថភាពកាមេរ៉ា អេក្រង់ Super Ratina OLED ជាដើម។ល។

ទោះយ៉ាងណា គេពុំទាន់ទទួលបានការអះអាងជាផ្លូវការចេញពីមាត់ក្រុមហ៊ុន Apple នៅឡើយទាក់ទងទៅនឹងរបាយការណ៍ពី Economic Daily។ ដូច្នេះ ការពិតឬយ៉ាងណានោះ គឺមានតែប្រិយមិត្តរង់ចាំតាម​ដានជាមួយ Post Tech បន្តទៀតនៅពេលក្រោយៗប៉ុណ្ណោះ៕

 

មតិយោបល់