ព័ត៌មានបច្ចេកវិទ្យា

Samsung គ្រោងលក់ស្មាតហ្វូនឱ្យបាន ៣២០ លានគ្រឿងនៅ ២០១៨ ហើយទូរសព្ទអេក្រង់បត់ឋិតក្នុងការអភិវឌ្ឍ

ក្រុមហ៊ុន Samsung គ្រោងនឹងលក់ស្មាតហ្វូននៅក្នុងឆ្នាំ ២០១៨ ឱ្យបានច្រើនដូចនៅក្នុងឆ្នាំ​ ២០១៧ ជាមួយចំនួនគោលដៅប្រមាណ ៣២០ លានគ្រឿង។ នេះបើយោងតាមប្រភពព័ត៌មានពី The Investor ដែលបានស្រង់នូវរបាយការណ៍គម្រោងបែកធ្លាយពីក្រុមហ៊ុន Samsung ផ្ញើទៅកាន់ដៃគូផ្គត់ផ្គង់។

ជាមួយបរិមាណលក់ស្មាតហ្វូន ៣២០ លានគ្រឿង ក្នុងឆ្នាំ ២០១៨ នេះ ក្រុមហ៊ុននឹងរក្សាការលក់ឱ្យឱ្យនៅថេរ ហើយមូលហេតុដែលបណ្តាល់ឱ្យមានកំណើនលក់នៅទ្រឹងគឺ ដោយសារទីផ្សារទូរសព្ទស្មាតហ្វូនមានភាពជោគជំាំទៅហើយ។ នេះបើយោងតាមព័ត៌មានបែកធ្លាយដដែល។

ដោយឡែក ក្រុមហ៊ុនគូប្រជែងធំបំផុតរបស់ Samsung គឺ Apple និង Huawei ត្រូវគេព្យាករណ៍ថានឹងលក់ឧបករណ៍ចល័តរបស់ខ្លួនបាន ២០០ លានគ្រឿង និង ១៥០ លានគ្រឿង។ នៅក្នុងរបាយការណ៍ដែល Phone Arena លើកមកចុះផ្សាយនោះ ក៏មានដែរនូវផ្នែកដ៏គួរឱ្យចាប់អារម្មណ៍មួយគឺ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េគ្រោងនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើការអភិវឌ្ឍស្មាតហ្វូនថ្ងៃអនាគតជាមួយអេក្រង់អាច​បត់ចុះឡើងបាន។

ពីមុនមកទូរសព្ទអេក្រង់បត់ដ៏អាថ៍កំបាំងរបស់ Samsung ត្រូវគេរាយការណ៍ថា នឹងពន្យាពេលរហូតដល់ឆ្នាំ ២០១៩ ប៉ុន្តែ វាពិតជាអាចទៅរួចសម្រាប់ក្រុមហ៊ុន​ក្នុងការបង្ហើបវាចេញនៅបំណាច់ឆ្នាំ ២០១៨ នេះ៕

Samsung អេក្រង់បត់ Galaxy X អាចនឹងមានរូបរាងដូចនេះ

 

មតិយោបល់