ព័ត៌មានបច្ចេកវិទ្យា

អគ្គនាយកក្រុមហ៊ុន Samsung កំពុងឋិតក្រោមការសុើបអង្កេតចំពោះការគេចពន្ធ ៤.២$ ពាន់លាន

អាជ្ញាធរកូរ៉េខាងត្បូងមិនទាន់បិទបញ្ចប់ការស៊ើបអង្កេតលើក្រុមគ្រួសារត្រកូល Lee ដែលឋិតនៅពីក្រោយអណាចក្រក្រុមហ៊ុន Samsung នៅឡើយទេ។ ម្តងនេះ ទិសដៅពួកគេកំពុងបាញ់ឆ្ពោះទៅលើប្រធាន​ក្រុមហ៊ុនអេឡិចត្រូនិចយក្សលោក Lee Kun-hee ដែលត្រូវគេចោទថា បានប្រើប្រាស់គណនីធនាគារដែលបានបើកដោយខ្ចីឈ្មោះអ្នកដទៃដើម្បីដកលុយចេញពីក្រុមហ៊ុន និងគេចវៀសពីកាតព្វកិច្ចពន្ធរដ្ឋ។

គណនីទាំងនោះ ត្រូវបានយកទៅប្រើសម្រាប់ការផ្ទេរទ្រព្យសម្បត្តិខុសច្បាប់ពីឱពុករបស់លោក Lee ដែលជាស្ថាបនិកក្រុមហ៊ុន Samsung លោក Lee Byung-chull ហើយសរុបមានចំនួនប្រមាណ ៤.២ ពាន់លានដុល្លារ​អាមេរិក។

យោងតាមសារព័ត៌មាន The Korea Herald ក្រុមអាជ្ញាធរមានសមត្ថកិច្ចកំពុងតាមស៊ើបបន្ទុកពន្ធ​លើ​លុយដែលបានដកដោយខុសច្បាប់ទាំងនោះ ហើយបើតាមច្បាប់ស្តីពីសកម្មភាពលើប្រតិបត្តិការហិរញ្ញវត្ថុដោយប្រើឈ្មោះពិតរបស់ប្រទេស អត្រាការប្រាក់ និងចំណូលភាគលាភដែលអាចទទួលបានមកពីការប្រើប្រាស់ឈ្មោះកម្ចី អាចត្រូវជាប់បន្ទុកពន្ធរហូតដល់ ៩០%។

ការស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិរបស់លោក Lee គឺមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែ ក្រុមអ្នកនយោបាយមកពីគណបក្សគ្រប់គ្រងរដ្ឋាភិបាលទើបតែសើរើវាឡើងវិញសារជាថ្មី។ កាលពីឆ្នាំ ២០០៨ ក្រុមប្រឹក្សាពិសេសមួយបានតាមដានមើលការអនុវត្តពន្ធរបស់ប្រធានក្រុមហ៊ុន Samsung រូបនេះ ហើយរកឃើញគណនីជាង​ ១០០០ បានប្រើសម្រាប់ប្រតិបត្តិការផ្ទេរទ្រព្យសម្បត្តិ។

កាសែត Herald និយាយថា គណបក្សកាន់អំណាចកំពុងពិចារណាលើការប្រើប្រាស់វិធានការផ្លូវច្បាប់ប្រសិន​បើភ្នាក់ងារពន្ធដាររកឃើញថា គ្រួសារលោក Lee ត្រូវទទួលការផាកពិន័យតិចតួច។ លើសពីនេះ គណ​បក្សប្រជាធិបតេយ្យកូរ៉េបានជំរុញឱ្យមន្រ្តីពន្ធដារលាតត្រដាងចំនួនទឹកប្រាក់ពិតប្រាកដរបស់លោក Lee ដែលនឹងត្រូវជាប់បន្ទុកពន្ធទៀតផង។

នេះគឺជារឿងអាស្រូវថ្មីបំផុតដែលជាប់ពាក់ព័ន្ធទៅនឹងសមាជិកក្រុមគ្រួសារត្រកូល Lee ដ៏មានឥទ្ធិពល ដែលបានដឹកនាំក្រុមហ៊ុន Samsung គ្រុប រហូតក្លាយជាក្រុមហ៊ុនយក្សនៅពេលបច្ចុប្បន្ន។ កាលពីដើមឆ្នាំ កូនប្រុសលោក Lee ត្រូវបានកាត់ទោសឱ្យជាប់ពន្ធធនាគាររយៈពេល ៥ ឆ្នាំ ពីបទពុករលួយពាក់ព័ន្ធរឿងអាស្រូវដ៏កក្រើកមួយកាលពីឆ្នាំ ២០១៦ ដែលរហូតឈានដល់ការចាប់ខ្លួន និងបណ្តាញលោកស្រី Park Geun-hye ចេញពីតំណែងប្រធានាធិបតេយ្យនៃសាធារណរដ្ឋកូរ៉េ៕

ប្រភពព័ត៌មានៈ bgr

មតិយោបល់