មេក្រុមហ៊ុន Apple លោក Time Cook ទើបប្រាប់នៅក្នុងវេទិកាកំពូលមួយធ្វើឡើងក្នុងប្រទេសចិនថា ក្រុមអ្នកអភិវឌ្ឍកម្មវិធីក្នុងប្រទេសយក្សមួយនេះ រកចំណូលបានពី App Store ខ្លួនសរុបចំនួន ១៦.៩៣ ពាន់លានដុល្លារ គិតចាប់តាំងពីបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៨។
លោក Cook បន្ថែមថា ចំនួននេះគឺស្មើរនឹង ២៥% នៃចំណូលសរុបរបស់ក្រុមអ្នកអភិវឌ្ឍកម្មវិធីសម្រាប់ App Store ជុំវិញសកល ដែលបើគិតក្នុងប្រទេសចិនតែ ឯង បច្ចុប្បន្ន គឺមានចំនួន ១.៨ លាននាក់។
លោកបានលើកឡើងបែបនេះ នៅឯវេទិកាស្តីពីគោលនយោបាយប្រព័ន្ធសាយប៊ើសាធារណៈមួយ រៀបចំឡើងដោយរដ្ឋបាលសន្តិសុខប្រព័ន្ធអិុនធើណែតចិន នាទីក្រុង Wuzhen ខេត្ត Zhejiang នៅថ្ងៃអាទិត្យម្សិលមិញ។
កាលពីដើមឆ្នាំ Apple បាននិយាយថា ខ្លួនបានបង់លុយទៅក្រុមអ្នកសរសេរកម្មវិធីលក់លើ App Store នៅទូទាំងពិភពលោកសរុបចំនួន ៧០ ពាន់លានដុល្លារ។
គួររំឭកថា លោក Cook បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនពីរបីលើកហើយ គិតក្នុងឆ្នាំ ២០១៧ រាប់បញ្ចូលទាំងក្នុងខែតុលា ដែលលោកបានមកជួបជាមួយលោកប្រធានាធិបតីចិន Xi Jinping។
Apple ចាត់ទុកចិន គឺជាទីផ្សារធំបំផុតលំដាប់ទីបីរបស់ខ្លួន ប៉ុន្តែ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានស្គាល់ការធ្លាក់ចុះចំណែកទីផ្សារ ក្រោមសន្ទុះកើនឡើងនៃវត្តមានស្មាតហ្វូនលំដាប់កំពូលៗពីគូប្រជែងម្ចាស់ផ្ទះ ដូចជា Huawei, Oppo, និង Vivo ជាដើម។
ទោះយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក សង្ឃឹមថាការលក់របស់ខ្លួននឹងកើនឡើងវិញ តាមរយៈផលិតផលស្មាតហ្វូនស៊េរីថ្មី iPhone 8, 8 Plus និង X ដែលទើបចាប់ផ្តើមចែកចាយនៅក្នុងខែវិច្ឆិកា៕
ប្រភពព័ត៌មានៈ reuters
មតិយោបល់