ដូចតាមការសន្យា ក្រុមហ៊ុន Apple នៅថ្ងៃនេះ បានប្រកាសបើកឱ្យអតិថិជន iPhone ចាប់ពីម៉ូឌែល 6 ឡើង អាចមកប្តូរថ្មថ្មីសម្រាប់ទូរសព្ទរបស់ខ្លួនក្នុងតម្លៃត្រឹម ២៩ ដុល្លារ ខណៈតម្លៃធម្មតាគឺមានពី ៥០ ដុល្លារ ទៅ ៧៩ ដុល្លារ។
ការបញ្ចុះតម្លៃថ្មនេះ គឺធ្វើឡើងបន្ទាប់ពីគេរកឃើញថា ក្រុមហ៊ុនបានបន្ថយល្បឿនដំណើរការផលិតផល iPhone របស់ខ្លួនទៅតាមអាយុកាលនៃថ្មរបស់វា ក្រោមហេតុផលដើម្បីបញ្ជៀសបញ្ហាម៉ាស៊ីនរលត់ដោយសារថាមពលថ្មចុះខ្សោយ មិនអាចទ្រទ្រង់តម្រូវការពីអង្គប្រតិបត្តិការទូរសព្ទបានគ្រប់គ្រាន់។
គួរបញ្ជាក់ថា ការបញ្ចុះតម្លៃថ្មនេះដែរ គឺឋិតក្នុងដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយពីរសម្រាប់បញ្ហាខាងលើ ដោយមួយទៀត Apple ថា នឹងដាក់ចេញកម្មវិធីមួយភ្ជាប់ជាមួយកំណែ iOS លើកក្រោយ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone អាចស្វែងយល់ពីបញ្ហាថ្ម និងសមត្ថភាពរបស់វា ថាតើអាចប៉ះពាល់ដល់ដំណើរការម៉ាស៊ីនទូរសព្ទឬក៏អត់។
សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងការផ្តល់ជូននេះ លោកអ្នកអាចចូលអានបន្ថែមក្នុងគេហទំព័រ Apple។
គួររំឭកថា ថ្មីៗនេះ បន្ទាប់ពី Apple សារភាពថាខ្លួនពិតជាទម្លាក់ល្បឿនដំណើរការ CPU របស់ iPhone ទៅតាមអាយុកាលថ្ម ដោយចេតនា តាមរយៈកំណែ iOS រួចមក ក្រុមហ៊ុនកំពុងរងនូវបណ្តឹងផ្លូវច្បាប់ជាច្រើន បន្ថែមពីលើការរិះគន់យ៉ាងជះដៃពីមជ្ឈដ្ឋានផ្សេងៗ ដោយខ្លះថា ក្រុមហ៊ុនគួរតែផ្តល់សារក្រើនរំឭកដល់អតិថិនជនអំពីបញ្ហាថ្មនោះ ជាជាងការបន្ថយល្បឿនទូរសព្ទដោយសម្ងាត់បែបនេះ៕
មតិយោបល់