“អេក្រង់កប់គែមកម្រិត 4K កាមេរ៉ាភ្លោះ និងប្រើបន្ទះឈីប Snapdragon 845”
ប្រសិនបើលោកអ្នកកំពុងរងចាំវត្តមានស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុន Sony ប្រកាសចេញនៅក្នុងព្រឹត្តិ ការណ៍ CES 2018 ដែលកំពុងប្រព្រឹត្តិទៅនាទីក្រុង Los Vegas សហរដ្ឋអាមេរិក លោកអ្នកប្រហែលជាត្រូវខកចិត្តហើយ។ ត្រូវខកចិត្តក៏ដោយសារតែ មានរបាយការណ៍ច្បាស់ការថ្មីមួយពីគេហទំព័រ Vortex.ge អះអាងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ជប៉ុនមួយនេះ នឹងមិនបើកបង្ហាញស្មាតហ្វូនទំនើបផុតលេខរបស់ខ្លួន ដែលត្រូវគេដឹងថាជា Xperia ស៊េរី XZ1 នៅឯព្រឹត្តិការណ៍ពិព័រណ៍ផលិតផលអេឡិចត្រូនិចពិភពលោកប្រចាំឆ្នាំនោះទេ តែក្រុមហ៊ុននឹងបញ្ចេញស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលត្រកូល XA និង L ព្រមជាមួយផលិតផលបន្ទាប់បន្សំមួយចំនួនផ្សេងទៀត។

របាយការណ៍ដដែលបានលើកឡើងថា ក្រុមហ៊ុន Sony នឹងធ្វើការបើកបង្ហាញស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ស៊េរីថ្មីរបស់ខ្លួន រួមមានម៉ូឌែល Xperia XZ1 Premium, XZ1 Plus, និង XZ1s នៅឯព្រឹត្តិការណ៍សមាជទូរសព្ទចល័តពិភពលោក WMC 2018 ដែលនឹងប្រព្រឹត្តិពីថ្ងៃទី ២៦ កុម្ភៈ ដល់ថ្ងៃទី ០១ មិនា។ ក្នុងនោះ ម៉ូឌែល Premium នឹងក្លាយជាស្មាតហ្វូនទំនើបបំផុតក្នុងចំណោមស្មាតហ្វូនស៊េរីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន។
យោងតាមព័ត៌មានក្រៅផ្លូវការកន្លងមក XZ1 Premium នឹងបំពាក់អេក្រង់ទំហំ ៥.៥ អីុញ ប្រើខ្នាតបញ្ចាំងរូបភាពកម្រិត 4K (២១៦០x៣៨៤០ភិចសែល) ផ្តល់ថាមពលដំណើរការដោយបន្ទះឈីប Snapdragon 845 ដែលជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Qualcomm, RAM ទំហំ ៦ ជីហ្គាបៃយ៍, មេម៉ូរីជាប់ម៉ាស៊ីនទំហំ ១២៨ ជីហ្គាបៃយ៍ និងកាមេរ៉ាភ្លោះនៅខាងក្រោយម្ខាងៗទំហំ ១២ មេហ្គាភិចសែល ជាមួយបន្ទះស្គេនក្រយៅដៃឋិតនៅខាងក្រោយ។

ដោយឡែក XZ1 Plus និង XZ1s ត្រូវគេរាយការណ៍ថា នឹងបំពាក់កាមេរ៉ាក្រោយភ្លោះ ព្រមទាំងបន្ទះស្គេនដូចជា XZ1 Premium អីចឹងដែរ ប៉ុន្តែ XZ1 Plus មានថាមពលខ្លាំង និងធំជាង XZ1s ដោយ វាមានអេក្រង់ទំហំ ៥.៥ អីុញ ខ្នាត Full HD និងប្រើបន្ទះឈីប Snapdragon 845 ខណៈ XZ1s ប្រើអេក្រង់ទំហំ ៥.២ អីុញ ខ្នាត Full HD និងបន្ទះឈីប Snapdragon 835។ ម៉ូឌែលទាំងពីរនេះ ត្រូវគេរំពឹងថា នឹងប្រើ RAM និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៤/៦៤ ជីហ្គាបៃយ៍។

គួររំឭកផងដែរថា ស្មាតហ្វូនលំដាប់កំពូលស៊េរីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Sony បើតាមរូបរាងក្រាហ្វិកបែកធ្លាយចុងក្រោយ គឺវាមានការកែប្រែរចនាបទយ៉ាងធំធេង ធៀបនឹងជំនាន់មុនៗ ជាពិសេស ផ្ទៃអេក្រង់របស់វាគឺធំលាតកប់គែមសងខាង និងបន្សល់ទុកស៊ុមលើក្រោមដ៏តូចប៉ុណ្ណោះ ដែលនេះ អាចជាកិច្ចខំប្រឹងប្រែងថ្មីរបស់ក្រុមហ៊ុនក្នុងការប្រកួតប្រជែងលើទីផ្សារ ខណៈអ្នកប្រើប្រាស់ស្មាតហ្វូនបច្ចុប្បន្ន និយមទូរសព្ទដែលមានស៊ុមអេក្រង់ស្តើង៕
ប្រភពព័ត៌មានៈ phonearena
មតិយោបល់