ព័ត៌មានបច្ចេកវិទ្យា

ច្បាស់ក្រឡែត Huawei P10/ P10 Plus ធ្លាយអស់ រួមទាំងតម្លៃ

កាន់តែច្បាស់ ហើយកាន់តែជឿទុកចិត្ត ជាមួយព័ត៌មានដែលបានបែកធ្លាយនៅព្រឹកនេះ ទាក់ទងទៅនឹងរូបរាង ក៏ដូចជាលក្ខណៈសម្បត្តិទូរស័ព្ទលំដាប់កំពូលរបស់ក្រុមហ៊ុន Huawei ម៉ូដែល P10 និង P10 Plus ដែលគ្រោងនឹងប្រកាសចេញនាពេលឆាប់ៗខាងមុខ។

យោងតាមព័ត៌មាននោះ Huawei P10 នឹងចេញមកជាមួយ ៣ ជម្រើសនៃទំហំ RAM និងអង្គអង្គចងចាំជាប់ម៉ាស៊ីន (៤/៣២ ជីហ្គាប៉ៃយ៍ តម្លៃ ៥០៨ ដុល្លារ, ៤/៦៤ ជីហ្គាប៉ៃយ៍ តម្លៃ ៥៩៥ ដុល្លារ, និង ៦/១២៨ ជីហ្គាប៉ៃយ៍ តម្លៃ ៦៨២ ដុល្លារ)។

ចំណែក P10 Plus វិញ នឹងមានពីរជម្រើស គឺមួយប្រើ RAM ទំហំ ៤ ជីហ្គាប៉ៃយ៍ អង្គចងចាំជាប់ម៉ាស៊ីនទំហំ ៦៤ ជីហ្គាប៉ៃយ៍ និងមានតម្លៃ ៧២៦ ដុល្លារ ហើយមួយទៀត ប្រើ RAM ទំហំ ៦ ជីហ្គាប៉ៃយ៍ អង្គចងចាំជាប់ម៉ាស៊ីនទំហំ ១២៨ ជីហ្គាប៉ៃយ៍ និងមានតម្លៃ ៨២៨ ដុល្លារ។

ទូរស័ព្ទទាំងពីម៉ូឌែល ត្រូវបានគេរំពឹងថា នឹងបំពាក់អេក្រង់ទំហំ ៥.៥ អីុញ ជាមួយខ្នាតបញ្ចាំងរូបភាព ១៤៤០ x ២៥៦០ ភិចសែល ប្រើបន្ទះឈីប Kirin 965 ផលិតដោយក្រុមហ៊ុនផ្ទាល់ ភ្ជាប់មកជាមួយកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយទំហំ ១២​ មេហ្គាភិចសែល អមដោយបច្ចេកវិទ្យាកាមេរ៉ាអាជីព Leica និងកាមេរ៉ាមុខ មានទំហំ ៨ មេហ្គាភិចសែល ដូចគ្នា។

យោងតាមរបាយការណ៍ចេញកាលពីខែមុន សមាជិកថ្មីនៃកំពូលទូរសព្ទដៃត្រកូល P របស់ក្រុមហ៊ុន Huawei ទាំងពីរ មានភាពខុសគ្នាតែរូបរាងខាងក្រៅប៉ុណ្ណោះ ពោលគឺ P10 មានអេក្រង់រាបស្មើ ខុសពី P10 Plus ដែលមានអេក្រង់កោងត្រង់គែមសងខាង។

ទូរសព្ទទាំងពីរម៉ូឌែល ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនៅថ្ងៃទី ២៦ កុម្ភៈ នៅឯព្រឹត្តិការណ៍សាមាជ MWC ២០១៧ នាទីក្រុង Barcelona ប្រទេសអីុតាលី ក្នុងថ្ងៃតែមួយជាមួយ Samsung Galaxy Tab S3, LG G6 និងទូរសព្ទ Nokia ស៊េរីថ្មីដទៃផ្សេងទៀត៕

ប្រភពព័ត៌មានៈ phonearena

មតិយោបល់