ព័ត៌មានបច្ចេកវិទ្យា

Google Lens នឹងចេញសម្រាប់ iPhone និង Android លំដាប់ខ្ពស់ៗ!

កម្មវិធីកាមេរ៉ាដើរដោយប្រព័ន្ធបច្ចេកវិទ្យា AI និង AR របស់ក្រុមហ៊ុន Google គឺ​ជាកម្មវិធីដ៏ពិសេសមួយ ដែលទើបតែបញ្ចេញសម្រាប់ស្មាតហ្វូនសែស្រឡាយ Pixel របស់ Google។

វាផ្តល់នូវមធ្យោបាយដល់លោកអ្នកអាចប្រើកាមេរ៉ាទូរសព្ទដើម្បីស្វែងរកអ្វីមួយជំនួសឱ្យការប្រើសំឡេង និងម្រាមដៃ។ ពោលគឺ អ្វីក៏ដោយដែលលោកអ្នកប្រើ Google Lens ដើម្បីផ្តិតយក វានឹងក្លាយជាកម្មវត្ថុនៃការស្រាវជ្រាវលើ​អិុន​ធើ​ណែត ហើយវាគឺជាបច្ចេកវិទ្យាពិសេសមួយដែល Google បានសន្យាថានឹងមាន​លើស្មាតហ្វូនកាលពីអំឡុងព្រឹត្តិការណ៍ I/O 2017។

យោងតាមប្រភពព័ត៌មានពី CNET កម្មវិធី Google Lens ឆាប់ៗនេះ នឹងចេញ​លើស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុនផ្សេងៗដូចជា Samsung, LG, Motorola, Sony, Huawei, និង Nokia (HMD)។ ប៉ុន្តែ វាធ្វើការជាមួយតែភាសាអង់គ្លេសប៉ុណ្ណោះ និងនៅក្នុងសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស អាល្លឺម៉ង់ កាណាដា អូស្រ្តាលី ឥណ្ឌា បារាំង អីុតាលី អេស្ប៉ាញ និងសង្ហិបុរី។

កម្មវិធីនេះដែរ នឹងយកទៅដាក់បញ្ចូលក្នុងកម្មវិធី Google Photos កំណែក្រោយនៅលើហាង App Store និង Play Store ហើយវាគាំទ្រជាមួយ iPhone ដើរដោយប្រព័ន្ធ iOS ចាប់ពីជំនាន់ ៩ ឡើង៕

ប្រភពព័ត៌មាន:CNET

មតិយោបល់