ព័ត៌មានបច្ចេកវិទ្យា

Apple បរិច្ចាគ ១លានដុល្លារដល់ចិន ដើម្បីជួយពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់

ចិន៖ ក្រុមហ៊ុន Apple បានបរិច្ចាគទឹកប្រាក់ ១លានដុល្លារអាមេរិក ដល់ប្រទេសចិន នៅក្នុងកិច្ចខិតខំ​ប្រឹង​មួយ បន្ទាប់ពីប្រទេសចិន បានជួបប្រទះនូវគ្រោះទឹកជំនន់ ដែលបង្កឡើងដោយទឹកភ្លៀង ចាប់តាំងពីខែ​មិថុនា។

មូលនិធិចិនសម្រាប់កាត់បន្ថយភាពក្រីក្រ (CFPA) បានប្រកាសឲ្យដឹងថា អង្គការរបស់ខ្លួន ទទួលបានលុយ​ ១លានដុល្លារអាមេរិក ពីក្រុមហ៊ុន Apple ដែលជាប្រាក់បរិច្ចាគមួយដ៏ធំជាង ដើម្បី​ជួយសង្គ្រោះ​ដល់ជន​រងគ្រោះ​ដោយសារទឹកទឹកជំនន់។

CFPA បានបញ្ជាក់ថា Apple គឺជាក្រុមហ៊ុនអាមេរិកដំបូងគេ ដែលបាន​បរិច្ចាគ​មកកាន់​អង្គការរបស់ខ្លួន ខណៈ​ដែល​ក្រុមហ៊ុននៅក្នុងស្រុក​មួយចំនួនបាន​បរិច្ចាគ​នូវទឹកប្រាក់បន្តិចបន្ដួច។

លោក Tim Cook នាយកប្រតិបត្តិ Apple បានបង្ហោះសារនៅលើបណ្ដាញសង្គមចិន Weibo ថា «គំនិត​របស់​យើងគឺមានតែមួយគត់ គឺជួយដល់ជនរងគ្រោះដោយសារទឹកជំនន់​នៅតាមដងទន្លេ Yangtze River»។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីខែមិថុនាមក មានប្រជាជនចិន ១៦៤នាក់បានស្លាប់ដោយសារទឹកជំនន់ និង​ ៣១លាននាក់ រងផលប៉ះពាល់ ខណៈមនុស្ស ២៦នាក់ នៅតែបាត់ខ្លួន៕

apple_topic

មតិយោបល់