ប៉េកាំងៈ ក្រុមហ៊ុន Samsung នៅថ្ងៃចន្ទម្សិលមិញនេះ បានបដិសេធមិនទទួលខុសត្រូវ ចំពោះករណីផ្ទុះឆេះ Galaxy Note 7 នៅក្នុងប្រទេសចិន ជាពិសេសគឺមិនព្រមផ្ដល់សំណង ព្រមទាំងបានលើកឡើងថា ករណីផ្ទុះឆេះនោះមិនពាក់ព័ន្ធនឹងបញ្ហាថ្មនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន WSJ នៅថ្ងៃទី២០ ខែកញ្ញា។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy Note 7 ដែលផ្ទុះឆេះនោះ មិនមែនជារបស់ក្រុមហ៊ុន Samsung ឡើយ និងបានយកលេសថា អតិថិជនរូបនោះគឺបានទិញពីក្រុមហ៊ុនផលិតក្នុងស្រុកចិន ដែលការច្រានចោលនេះ គឺធ្វើឡើងដោយពុំមានភស្ដុងតាងបញ្ជាក់ឡើយ ជាពិសេសគឺបានអះអាងយ៉ាងច្បាស់ថា វាមិនមានផ្ទុះដោយសារតែបញ្ហាថ្មឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុនលក់ទំនិញអនឡាញនៅក្នុងប្រទេសចិន DJ.COM បានបញ្ជាក់ថា ស្មាតហ្វូន Galaxy Note 7 ចំនួន ២គ្រឿងដែលបានផ្ទុះនោះគឺបានបញ្ជាទិញពី Store របស់ខ្លួន ហើយពិតជារបស់ក្រុមហ៊ុន Samsung និងបានបញ្ជាទិញនៅថ្ងៃទី០១ ខែកញ្ញា ពោលគឺនៅមុនពេល Samsung ប្រកាសប្រមូល Galaxy Note 7 នៅជុំវិញពិភពលោក។
គួរបញ្ជាក់ផងដែរថា តួលេខនៃការខាតបង់ ដែលបណ្ដាលមកពីការផ្ទុះឆេះនេះគឺមានទំហំរហូតដល់ ១ពាន់លានដុល្លារអាមេរិក ហើយអ្វីដែល Samsung កំពុងតែជួបបញ្ហានោះគឺថា ចំនួនស្មាតហ្វូនដែលបានប្រមូលគឺតិចតូចបំផុត ខណៈដែលតួលេខពិតប្រាកដមានរហូតដល់ ២.៥លានគ្រឿង៕
មតិយោបល់