ព័ត៌មានសុខភាព

មួយថ្ងៃគួរផឹកកាហ្វេប៉ុន្មានពែងទើបទទួលបានប្រយោជន៍សម្រាប់សុខភាព?

ការស្រាវជ្រាវដ៏ទូលំទូលាយបានបង្ហាញថា ការផឹកកាហ្វេទៀងទាត់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺវង្វេង និងជំងឺមហារីកមួយចំនួន។

ប៉ុន្តែ តើអ្នកដឹងទេថាត្រូវផឹករបៀបណាទើបទទួលទានអត្ថប្រយោជន៍ទាំងនេះ?
អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការផឹកកាហ្វេជារៀងរាល់ថ្ងៃ ទទួលបានអត្ថប្រយោន៍សម្រាប់សុខភាពច្រើនជាងបញ្ហា អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ និងជំងឺបេះដូង បើធៀបទៅនឹងអ្នកដែលមិនបានផឹក។ លើកលែងតែស្ត្រីមានផ្ទៃពោះ និងមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺបាក់ឆ្អឹង។ ការផឹកចាប់ ពី៣ទៅ៤ពែងក្នុងមួយថ្ងៃត្រូវបានគេចាត់ទុកថា មានអត្ថប្រយោជន៍សម្រាប់សុខភាព។

ដោយផ្អែកទៅលើការប្រមូលទិន្នន័យពីការសិក្សាពីមុនជាង ២០០លើក អ្នកវិទ្យាសាស្ត្រក៏បានរកឃើញដែរថា ការផឹកកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺថ្លើម ជំងឺវងង្វេង និងជំងឺមហារីកមួយចំនួន។ មិនតែប៉ុណ្ណោះ ការផឹកកាហ្វេមួយថ្ងៃ ៣ពែងអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារតែជំងឺបេះដូង បើធៀបទៅនឹងអ្នកដែលមិនផឹក។

អ្នកស្រាវជ្រាវក៏បានចង្អុលបង្ហាញទៀតថា ការផឹកកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដូចជា ជំងឺមហារីកក្រពេញប្រូស្តាត មហារីកស្បូន និងមហារីកថ្លើម។ វាក៏អាចជួយទប់ស្តាត់ជំងឺទឹកនោមផ្អែមប្រភេទទី២ ក្រួសក្នុងថង់ប្រមាត់ ជំងឺរលាកសន្លាក់ ជំងឺភ្លេចភ្លាំង និងមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានជំងឺក្រិនថ្លើម។

ខណៈដែលការផឹកកាហ្វេ គឺជាទម្លាប់ដ៏ល្អ ក៏ប៉ុន្តែអ្នកមិនគួរប្រើប្រាស់កាហ្វេដែលបន្ថែមស្ករនោះទេ ព្រោះវាអាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាព។
អ្នកជំនាញបានបន្ថែមទៀតថា ការស្រាវជ្រាវនេះមិនបានធ្វើការវិភាគច្បាស់លាស់ទៅលើផលប៉ះពាល់នោះទេ ប៉ុន្តែពួកគេគាំទ្រកាសិក្សាថ្មីក្នុងការប្រើប្រាស់កាហ្វេ៕

ប្រភព៖ boldsky&soha

មតិយោបល់