ព័ត៌មានសុខភាព

វិធីការពារ និងសង្គ្រោះបឋមពេលជនរងគ្រោះត្រូវរន្ទះបាញ់

ភ្នំពេញ – ធាតុអាកាសមានការប្រែប្រួល អាចកើតមានគ្រោះធម្មជាតិជាយថាហេតុ ជាពិសេសក្នុងរដូវភ្លៀងតែងតែមានខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាញឹកញាប់។
មូលហេតុដែលធ្វើឲ្យជនរងគ្រោះមួយចំនួនស្លាប់នៅពេលត្រូវរន្ទះបាញ់ គឺបណ្តាលមកពីការគាំងបេះដូង។នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុនាំឲ្យសាច់ដុំបេះដូងបញ្ឈប់ចលនា។ ជាមួយគ្នានេះផងដែរ ជនរងគ្រោះក៏មិនអាចដកដង្ហើមកើត ដោយសារតែសាច់ដុំទ្រូងលែងមានចលនា។
នៅពេលដែលគ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការ ជាពិសេសបេះដូង។ រន្ទះបាញ់ក៏អាចបណ្តាលឲ្យហើម រឺដាច់សរសៃរឈាមខួរក្បាលផងដែរ។

ទន្ទឹមនឹងនេះ មុនពេលជួយសង្គ្រោះអ្នកត្រូវពិនិត្យថា តើកន្លែងគ្រោះថ្នាក់មានសុវត្តិភាពវិញហើយឬនៅ? បើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកង អ្នកត្រូវជួយធ្វើចលនាបេះដូង និងដង្ហើមភ្លាមៗ រហូតក្រុមសង្គ្រោះបន្ទាន់មកដល់។

ក្នុងករណីដែលរន្ទះបាញ់ចំមនុស្សមួយក្រុម ការសង្គ្រោះបឋមត្រូវធ្វើលើអ្នកដែលគាំងបេះដូង និងដង្ហើមមុនគេ។

វិធីការពារ៖
– ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង
– បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះ ឃ្លាតពីគ្នាចម្ងាយ ៣០ម៉ែត្រ
– មិនត្រូវជ្រកក្រោមដើមឈើ
– ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ …

ត្រូវចាំថា៖ រន្ទះបាញ់សំដៅទៅរកវត្ថុដែលនៅខ្ពស់ជាងគេ។ ប៉ុន្តែការសង្គ្រោះទាន់ពេល អាចជួយជីវិតជនរងគ្រោះបាន។

ដកស្រង់ចេញពី៖ ផេកហ្វេសប៊ុក មន្ទីរពេទ្យ កាល់ម៉ែត

lightning-strike

មតិយោបល់