កូរ៉េៈ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុងព្យុងយ៉ាង ត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារខ្លួន ដោយការបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក ដែលហោះហើរមកជិតឧបទ្វីបកូរ៉េ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានចោទប្រកាន់ សម្ដីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ប្រៀបបានទៅនឹងការប្រកាសសង្រ្គាម ប្រឆាំងជាមួយប្រទេសរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងចាប់តាំងពីកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ ដ៏មានសក្ដានុពលបំផុតរបស់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញាកន្លែងទៅ ដែលបានឈានទៅដល់ការប៉ះទង្គិចវោហាសាស្ត្រ រវាងមេដឹកនាំអាមេរិក និងក្រុងព្យុងយ៉ាកាន់តែខ្លាំងទ្បើង ក្នុងរយៈពេលថ្មីៗនេះ ជាមួយនឹងគំរាមកំហែង ព្រមទាំងការប្រមាថដាក់គ្នាទៅវិញទៅមក។
គួររំឭកថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បាននិយាយថា «ពាក្យសម្ដីរបស់ប្រធានាធិបតីអាមេរិក ដែលថានឹងវាយកម្ទេចកូរ៉េខាងជើងឲ្យទៅជាផេះ ប្រសិនបើមេដឹកនាំលោក គីម ជុងអ៊ុន នៅតែបន្តការគំរាមកំហែងទៀតនោះ វាស្មើទៅនឹងការចង់ប្រកាសសង្រ្គាមហើយ ដោយលោកបានបន្ថែមថា ក្រុងព្យុងយ៉ាង មានសិទ្ធិគ្រប់គ្រាន់ ក្នុងការចាត់វិធានការការពារខ្លួន ដើម្បីឆ្លើយតបទៅវិញផងដែរ បើទោះបីជាយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក មិនបានហោះហើរចូលក្នុងដែនអាកាសកូរ៉េខាងជើងក៏ដោយ»៕
មតិយោបល់