ប្រេស៊ីល: ព្រឹទ្ធសភារបស់ប្រទេសប្រេស៊ីល បានសម្រេចបង្កើតគណកម្មការពិសេសមួយ ដើម្បីដោះស្រាយរឿងចោទប្រកាន់លើ ប្រធានាធិបតីលោកស្រី ឌីលម៉ា រួសេហ្វ (Dilma Rousseff) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែមេសាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦។
គណកម្មការខាងលើនេះមានសមាជិកព្រឹទ្ធសភាចំនួន ២១រូបចូលរួម ហើយពួកគេនឹងធ្វើការ ពិភាក្សាជាទូទៅជុំវិញករណី ចោទប្រកាន់នានាមកលើលោកស្រី រួសេហ្វ ក្នុងនោះមានទាំង អំពើពុករលួយផងដែរ។ ក្រោយពីកិច្ចពិភាក្សារួច ការបោះឆ្នោតផ្តល់សេចក្តីសម្រេច នឹង ត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ហើយពេលនោះហើយ ដែលគ្រប់គ្នា នឹងបានដឹងថាលោកស្រី អាចបន្តតំណែងទៅមុខទៀតដែរ ឬមួយក៏យ៉ាងណា។
គួរបញ្ជាក់ថាប្រសិនបើការបោះឆ្នោត យល់ស្របតាមការចោទប្រកាន់មែននោះ លោកស្រី រួសេហ្វ នឹងត្រូវគេទម្លាក់ចេញពីតំណែងក្នុងរយៈពេល ១៨០ថ្ងៃ ហើយអំឡុងពេលនោះអនុប្រធានាធិបតី លោក Michel Temer នឹងធ្វើជាប្រធានាធិបតីស្តីទី។
លោកស្រី រួសេហ្វ ត្រូវបានគេចោទប្រកាន់ថា បានចុះហត្ថលេខាលើ ឯកសារពាក់ព័ន្ធនឹង ការប្រើប្រាស់ថវិកាជាតិ ដោយគ្មានការពិនិត្យ និងទទួលស្គាល់ជាក់លាក់ ហើយក៏មានទាំងការ ពន្យាពេលបង់ថវិកា ទៅកាន់ធនាគាររដ្ឋថែមទៀត។
បន្ថែមពីនេះលោកស្រី ក៏ត្រូវបានគេចោទ ប្រកាន់រឿង ភាពមិនច្បាស់លាស់ នៃការគ្រប់គ្រង់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលផងដែរ៕
មតិយោបល់