រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានច្រានចោលសំណើយោធារបស់ខ្លួន ដើម្បីបន្តការវាយប្រហារផ្លូវអាកាស លើពួកឧទ្ទាមនៅភាគខាងកើតទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។
បើតាមកងទ័ពរុស្ស៊ីកាលពីថ្ងៃសុក្រ បានឲ្យដឹងថា ខ្លួនបានស្នើសុំប្រធានាធិបតី ដើម្បីអនុញ្ញាតឲ្យបន្តយុទ្ធនាការទម្លាក់គ្រាប់បែក ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានបញ្ជាក់ថា លោក Putin យល់ឃើញថា ស្ថានភាពនៅពេលនេះ គឺមិនគួរឲ្យមានកិច្ចបន្តការបាញ់ទៀតទ្បើយ ដោយបន្ថែមថា វាជាការចាំបាច់ដើម្បីបន្តការផ្អាក សម្រាប់សកម្មភាពមនុស្សធម៍ ខណៈដែលទីក្រុងនេះកំពុងញុំញីដោយសង្គ្រាម។
គួរបញ្ជាក់ដែរថា សំណើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកប្រយុទ្ធប្រឆាំងស៊ីរី បានបើកការវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាល ដែលបានកាន់កាប់ផ្នែកមួយ នៅភាគខាងលិចរបស់ទីក្រុង ដោយក្នុងនោះ មានទាំងការបាញ់គ្រាប់រ៉ូកែត និងបំផ្ទុះគ្រាប់បែកក្នុងរថយន្តទៀតផង៕

មតិយោបល់