UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាបន្ទាន់ បន្ទាប់មានការស្នើពីសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ។ នេះយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
មន្ត្រីយោធាកូរ៉េខាងត្បូង បាននិយាយថា កាំជ្រួចមីស៊ីល ដែលបានបាញ់បង្ហោះនេះ អាចហោះបានចម្ងាយប្រមាណ៥០០ គីទ្បូម៉ែត្រ នៅមុនពេលវាធ្លាក់ចូលក្នុងសមុទ្រជប៉ុន។
លោក Geng Shuang អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ចិនបានប្រឆាំងទៅនឹង ការបាញ់បង្ហោះកាំជ្រួចរបស់កូរ៉េខាងជើងផងដែរ ដោយបានលើកទ្បើងថា វាជាសកម្មភាពរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើទោះបីកូរ៉េខាងជើងជាសមមិត្តនឹងខ្លួនក៏ដោយ។ លោកបាននិយាយបន្ថែមថា ប្រទេសចិនដែលជាសមាជិកមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សុំដល់ភាគីទាំងអស់ឲ្យទប់ចិត្ត កុំធ្វើសកម្មភាពបង្ករឿងហេតុហើយថា ចិនមានជំនឿថា ការសន្ទនាគ្នាជាមាគ៌ាទៅកាន់ដំណោះស្រាយបានយ៉ាងប្រសើរ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានហៅសកម្មភាពរបស់កូរ៉េខាងជើងថា មិនអាចអត់ឱនឲ្យបានជាដាច់ខាត ដែលសេចក្តីអត្ថាធិប្បាយរបស់លោក Abe ធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងឱកាសទស្សកិច្ចមួយ ក្នុងរដ្ឋ Florida៕
មតិយោបល់