អាមេរិកៈ មានការលើកទ្បើងយ៉ាងទូលំទូលាយមួយថា ការស្លាប់របស់លោក គីម ជុងណាំ ត្រូវបានធ្វើឡើងដោយមន្រ្តីជាន់ខ្ពស់នៅក្រុងព្យុងយ៉ាង ហើយទំនងជាក្រោមបញ្ជារបស់លោក លោក គីម ជុងអ៊ុន តែម្តង។
ប្រធានាធិបតីស្តីទី និងនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Hwang Kyo-ahn បាននិយាយថា ប្រសិនបើមានការលាតត្រដាងថា ការស្លាប់របស់លោក គីម ជុងណាំ ត្រូវបានប្រព្រឹត្តឡើង ដោយរដ្ឋាភិបាលកូរ៉េខាងជើង វានឹងជារឿងក្តីមួយ ដែលបង្ហាញពីភាពសាហាវយង់ឃ្នង និងអមនុស្សធម៌នៃរបបដឹកនាំរបស់លោក គីម ជុងអ៊ុន។
លោក គីម ជុងណាំ ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ ដែលបង្កការគំរាមកំហែងមួយ ទៅដល់ការដឹកនាំរបស់ប្អូនប្រុសរបស់គាត់ ដោយសារតែការនិយាយរិះគន់ឥតសំចៃពីអំពើគាបសង្កត់ និងភាពផ្តាច់ការនៅក្នុងប្រទេស (កូរ៉េខាងជើង) ខណៈដែលរូបគាត់ហាក់មានទំនរគាំទ្រគោលនយោបាយកែទម្រង់ ដែលនឹងបន្ធូរបន្ថយការត្រួតត្រារបស់រដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យជាគោល និងក៏មានការគាំទ្រពីប្រធានាធិបតីចិនលោកស៊ី ជីនពីងចង់ឲ្យរូបគាត់ឡើងជំនួសប្អូនប្រុសរបស់គាត់ ជាមេដឹកនាំកូរ៉េខាងជើង ក្រោយចិនហាមកូរ៉រខាងជើងមិនស្តាប់ ក្នុងការបាញ់គ្រាប់មីស៊ីល។
យោងតាមរបាយការណ៍នៃវិទ្យាស្ថានសន្តិសុខជាតិកូរ៉េខាងត្បូង ក្នុងខែធ្នូ ឆ្នាំ២០១៦ បានអះអាងថា លោក គីម ជុងអ៊ុន បានបញ្ជាឲ្យប្រហារជីវិតមនុស្ស ៣៤០នាក់ ចាប់តាំងពីពេលមេដឹកនាំរូបនេះ ចូលកាន់តំណែងក្នុងខែធ្នូ ឆ្នាំ២០១១។ ក្នុងឆ្នាំ២០១៣ លោក គីម ជុងអ៊ុន បានកាត់ទោសប្រហារជីវិតឪពុកមារបស់ខ្លួន លោក Jang Song Thaek ដែលធ្លាប់ត្រូវបានគេចាត់ទុកថា ជាជាបុរសខ្លាំងទីពីរ ពីបទពុករលួយ នៅក្នុងប្រទេស ដែលរដ្ឋាភិបាលកូរ៉េ
ខាងជើងចោទប្រកាន់ថា ជាអំពើក្បត់ជាតិ។
សូមជំរាបថា លោក គីម ជុងណាំ អាយុ ៤៥ ឆ្នាំ ត្រូវបានគេធ្វើឃាត នៅព្រលានយន្តហោះ ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី និងបានស្លាប់ក្រោយពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីឃាតកស្ត្រីពីរនាក់ ដាក់ថ្នាំបំពុលឲ្យស្លាប់ នៅព្រលានយន្តហោះ។
មន្ត្រីប៉ូលិសជាន់ខ្ពស់ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ផ្អែកតាមការសួរចម្លើយអ្នកបើកតាក់ស៊ី ដែលដឹកស្រ្តី ជាជនសង្ស័យឃាត់កម្ម និងវីដេអូ CCTV ប៉ូលិសបានជឿថា ស្ត្រីពីរនាក់នោះ ជាជនជាតិវៀតណាម៕
មតិយោបល់