ម៉ាទ្បេស៊ីៈ ប្រភពពីមន្ត្រីប៉ូលិសជាន់ខ្ពស់ បានប្រាប់ទូរទស្សន៍ Channel NewsAsia នៅថ្ងៃទី២០ ខែកុម្ភៈនេះថា ជនសង្ស័យកូរ៉េខាងជើងទាំង ០៤ នាក់ ដែលគេអះអាងថា ជាប់ពាក់ព័ន្ធលើឃាតកម្មសម្លាប់ លោក គីម ជុងណាម នៅព្រលានហោះម៉ាឡេស៊ី ត្រូវបានគេជឿថា បានរៀបចំគម្រោងទុកជាមុន ក្នុងការអនុវត្តធ្វើឃាតនេះ មុនពេលដែលពួកគេរត់ភៀសខ្លួន ត្រឡប់ទៅទីក្រុងព្យុងយ៉ាងវិញ។
មន្ត្រីប៉ូលិសជាន់ខ្ពស់រូបនោះ បាននិយាយថា «បុរសបួននាក់ បានរៀបចំគម្រោងសម្លាប់ ក្នុងការធ្វើឃាតនេះ ដោយពួកគេបានជ្រើសរើសស្ត្រីទាំង ០២ នាក់នោះ ដើម្បីចូលរួមក្នុងប្រតិបត្តិការនេះផងដែរ»។
លោក គីម ជុងណាម ត្រូវជាបងប្រុសម្ដាយទីទៃ របស់ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានសម្លាប់ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីគាត់ត្រូវបានស្រ្តីវៀតណាមម្នាក់ ប្រើប្រាស់ក្រណាត់ខ្ទប់មុខពីក្រោយខ្នង និងបានបាញ់ស្ព្រាយពុលដាក់មុខ រួមទាំងការរំខានដោយដៃគូរបស់នាង ជាស្ត្រីឥណ្ឌូនេស៊ីម្នាក់ទៀត មុនពេលដែលគាត់ស្លាប់ នៅព្រលានយន្តហោះអន្តរជាតិ ក្នុងទីក្រុងគូឡាឡាំពួ កាលពីថ្ងៃចន្ទ។
ជនសង្ស័យបុរសទាំង ០៤ នាក់ បានមកដល់ប្រទេសម៉ាឡេស៊ីនៅចន្លោះថ្ងៃទី ៣១ ខែមករា និងថ្ងៃទី៧ ខែកុម្ភៈ។
គួរបញ្ជាក់ដែរថា ជុំវិញឃាតកម្មលោក គីម ជុងណាម ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងគូឡាឡាំពួរ នៅថ្ងៃចន្ទនេះ បានអះអាងថា ការស៊ើបអង្កេតរបស់ប៉ូលិសម៉ាឡេស៊ី កាលពីសប្តាហ៍មុន ដូចជាមិនគួរឲ្យទុកចិត្តបាននោះទេ ដោយថែមទាំងបានលើកទ្បើងថា ជនគ្រោះរូបនោះ មិនមែនជាលោក គីម ជុងណាមទ្បើយ៕
មតិយោបល់