ព័ត៌មានអន្តរជាតិ

អាមេរិក គ្រាំទ្រជប៉ុនពេញទំហឹង បន្ទាប់ពីការបាញ់កាំជ្រួចមីស៊ីលកូរ៉េខាងជើង

ជប៉ុនៈ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃអង្គារនេះ បានប្រាប់អ្នកកាសែត ពាក់ព័ន្ធនឹងការធ្វើតេស្តបាញ់មីស៊ីលរបស់កូរ៉េខាងជើងថ្មីៗនេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់លោក នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នាថា អាមេរិក នឹងឈរនៅជាមួយជប៉ុន ១០០ ភាគរយ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ៧ ខែមីនា ឆ្នាំ២០១៧។

ប្រមុខមេដឹកនាំទាំងពីរ បានមើលឃើញថា សកម្មភាពចុងក្រោយបំផុតរបស់រដ្ឋាភិបាលកូរ៉េខាងជើង បានរំលោភយ៉ាងច្បាស់លើដំណោះស្រាយសន្តិសុខរបស់អង្គការសហប្រជាជាតិ ព្រមទាំងបញ្ហាប្រឈមនឹងសន្តិសុខ ក្នុងតំបន់ និងអន្តរជាតិផងដែរ។

លោកអាបេ បាននិយាយថា «ប្រធានាធិបតីលោក ត្រាំ បានប្រាប់ខ្ញុំថា អាមេរិកនឹងឈរនៅជាមួយជប៉ុន ១០០ ភាគរយ» ដោយលោក បានលើកយកអនុសាសន៍នេះ ថ្លែងប្រាប់ទៅកាន់ប្រជាជនខ្លួន ដោយបញ្ជាក់ថា លោកចង់ប្រជាជនជប៉ុនជឿទុកចិត្តប្រធានាធិបតីអាមរិក ដូចអ្វីដែលគាត់បានអះអាងនោះ។

គួរបញ្ជាក់ដែរថា កូរ៉េខាងជើង​បានបាញ់​សាកល្បង​មីស៊ីលផ្លោង​ចំនួន០៤គ្រាប់ កាលពីវេលាម៉ោង ៧ និង៣៦នាទីព្រឹក​ថ្ងៃច័ន្ទ ដោយមីស៊ីល​ចំនួន ០៣គ្រាប់ ​បានធ្លាក់ចូល​ក្នុងតំបន់ដែនទឹកសេដ្ឋកិច្ច​ផ្ដាច់មុខ​របស់ជប៉ុន នៅឯសមុទ្រ​ខាងកើត ដើម្បីជាឆ្លើយតបនឹងការធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ក្រុងវ៉ាស៊ីនតោន និង​សេអ៊ូល៕

មតិយោបល់