ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ ការចល័តកម្លាំងជើងទឹកអាមេរិក ឆ្ពោះទៅឧបទ្វីបកូរ៉េ ជាជម្រើសដើម្បីលុបបំបាត់ ការគំរាមរបស់កូរ៉េខាងជើង

អាមេរិកៈ មន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា ក្រុមកងទ័ពវាយប្រហារជើងទឹកអាមេរិក ដែលបានធ្វើដំណើរដោយនាវាផ្ទុកយន្តហោះ ឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ កាលពីថ្ងៃអាទិត្យ គឺបានធ្វើទ្បើង បន្ទាប់មានការស្នើសុំពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងគោលបំណង ដើម្បីលុបបំបាត់ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ របស់រដ្ឋាភិបាលកូរ៉េខាងជើង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ ១០ ខែមេសា ឆ្នាំ២០១៧។

ការផ្លាស់គោលដៅរបស់កងទ័ពជើងទឹក នឹងបង្កើនភាពតានតឹងកាន់តែខ្លាំង នៅក្នុងតំបន់ បូករួមទាំងការវាយប្រហារមីស៊ីលជាច្រើនគ្រាប់របស់អាមេរិកទៅលើប្រទេសស៊ីរី រឹតតែធ្វើឲ្យក្រុងព្យុងយ៉ាង ព្រមានបដិសេធយ៉ាងដាច់អហង្ការ ក្នុងការបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។

កូរ៉េខាងជើង បានថ្កោលទោសការវាយប្រហាររបស់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ថា ជាទង្វើឈ្លានពាន និងរំលោភច្បាប់អន្តរជាតិ ហើយវានឹងជំរុញឲ្យប្រទេសនេះ បន្តឆ្ពោះទៅរកប្រសិទ្ធភាពនុយក្លេអ៊ែរ ដ៏ខ្លាំងមួយរបស់ខ្លួន។

រដ្ឋលេខាធិការលោក Rex Tillerson បាននិយាយនៅក្នុងការផ្សាយបទសម្ភាសមួយ កាលពីថ្ងៃអាទិត្យថា ការផ្លាស់កងទ័ពវាយប្រហារជើងទឹកអាមេរិក ទៅកាន់ឧបទ្វីបកូរ៉េ គឺ មិនមានបំណងព្យាយាមផ្ដួលរំលំរបបរបស់លោក គីម ជុងអ៊ុន ទ្បើយ។

លោកបាននិយាយថា អាមេរិករំពឹងថា ចិនដែលជាសម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងជើង នឹងជួយជំរុញបន្ថែមទៀត ដើម្បីទប់ស្កាត់នុយក្លេអ៊ែរ នៅក្នុងរបបរបស់ក្រុងព្យុងយ៉ាងបាន៕

មតិយោបល់