ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងប្រឈមដើរផ្លូវទល់ ខណៈអាមេរិកប្រើ​ច្រក​អាស៊ាន​គាប​ប្រភព​ហិរញ្ញវត្ថុ​ និង​ការទូតខ្លួន

អាមេរិកៈ ចំពេលមានការព្រួយបារម្ភអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ និងការគំរាមគំហែងធ្វើតេស្តមីស៊ីលរបស់ក្រុងព្យុងយ៉ាង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានរៀបចំកិច្ចប្រជុំដ៏កម្រមួយ ជាមួយក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​តានតឹង​នៅលើឧបទ្វីបកូរ៉េ ​ព្រមទាំង​ចំណងមិត្តភាព​រវាង​​អាមេរិក​ និង​ប្រទេស​ក្នុងតំបន់។

ថ្លែងប្រាប់ទៅអ្នករាយការណ៍ព័ត៌មាន លោក Rex Tillerson បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិក បានស្នើឲ្យប្រទេសក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ពិចារណា​ឡើង​វិញ​ ចំពោះ​ទំនាក់​ទំនង​ការទូត‍​ជាមួយ​នឹង​រដ្ឋបាល​កូរ៉េខាងជើង ​និង​ប្រភពប្រាក់​ចំណូល​ដែល​ប្រទេស​​ឯកាមួយ​នេះ​ទទួល​បាន។

លោក​ Patrick Murphy ​ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ បានបញ្ជាក់ថា វាពិតចាំបាច់ណាស់ ​ដែលបណ្ដា​ប្រទេស​អាស៊ាន​ ត្រូវ​គោរព​តាម​សេចក្តី​សម្រេច​នានា​នៃ​អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធនឹងសកម្មភាព​បង្ក​ហេតុ​របស់​កូរ៉េ​ខាងជើង​ ដែល​នៅតែរឹងទទឹងបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​ធ្វើតេស្ត​មីស៊ីល​ជាច្រើន​លើក​ ដោយបង្កការ​គំរាម​កំហែង​ដល់​ស្ថិរភាព​ និងសន្តិភាព ​នៅក្នុង​តំបន់​ និងពិភពលោក‍ទាំងមូល។

ក្នុងនោះដែរលោក Patrick បានបន្ថែមថា «ការគោរព​តាម​សេចក្តី​សម្រេច​នេះ គឺមានន័យថា គ្រប់បណ្ដាប្រទេសនៅ​តំបន់​អាស៊ី​អាគ្នេយ៍ទាំងអស់ គឺត្រូវ​បដិសេធ​កុំ​ឲ្យ​រដ្ឋាភិបាលក្រុងព្យុងយ៉ាង​ទទួល​បាន​ប្រាក់​ចំណូល ជាពិសេសទំនាក់ទំនងការទូត ព្រមទាំងវត្តមានការទូតប្រទេសនេះ ​រក្សា​នៅក្នុង​តំបន់​អាស៊ានផងដែរ»។

គួរបញ្ជាក់ដែរថា សមាជិក​អាស៊ាន​ទាំងអស់​ មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​នឹង​ប​កូរ៉េ​ខាងជើង ដោយប្រទេស​ចំនួន​៨​បាន​អនុញ្ញាត​ឲ្យក្រុងព្យុងយ៉ាងដាក់​ស្ថានទូត ​ហើយ​ប្រទេស​ចំនួន​៥​បាន​ដាក់​ស្ថានទូត​ក្នុង​ទីក្រុង​ព្យុងយ៉ាង៕

មតិយោបល់