កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសថា សហរដ្ឋអាមេរិកលែងមានការអត់ធ្មត់ទៀតហើយចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅពេលដែលលោកប្រធានាធិបតីបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងនៅឯសេតវិមាន។
នេះបើយោងតាមសារព័ត៌មាន BBC របស់ប្រទេសអង់គ្លេស ចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧។
ប្រធានាធិបតីលោក ត្រាំ បាននិយាយសំដៅលើវិធីដោះស្រាយរបស់អតីតប្រធានាធិបតីអាមេរិកថា សករាជនៃការអត់ធ្មត់យ៉ាងខ្លាំងជាមួយរបបកូរ៉េខាងជើងបានទទួលបរាជ័យ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលភាពអត់ធ្មត់នោះបានទទួលបរាជ័យ ហើយនិយាយតាមត្រង់ ការអត់ធ្មត់នោះបានចប់ហើយ។
បន្ទាប់ពីការពិភាក្សាដែលមានរយៈពេល៣០នាទីយូរជាងការគ្រោងទុក ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon បានសរសើរការតាំងចិត្ត និងភាពប្រាកដនិយមរបស់លោកប្រធានាធិបតីត្រាំ ហើយបាននិយាយទៀតថា ពួកលោកអាចស្ថាបនាការមូលមតិដ៏ធំទូលាយស្តីពីបញ្ហានានាចាប់តាំងពីចំណងទាក់ទងខាងការពារប្រទេសរហូតដល់បញ្ហានុយក្លេអ៊ែរ។
ប្រធានាធិបតីកូរ៉េខាងត្បូងបានមានប្រសាសន៍ថា បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវតែដោះស្រាយដោយគ្មានការខកខាន។ គ្រប់រូបភាពទាំងអស់ កូរ៉េខាងជើងមិនត្រូវមើលងាយដល់ការតាំងចិត្តដ៏ម៉ឺងម៉ាត់របស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅក្នុងបញ្ហានេះទេ។
សូមជំរាបថា លោកត្រាំនិងប្រធានាធិបតីកូរ៉េខាងត្បូង Moon មានការខ្វែងគំនិតគ្នាទៅលើវិធីសាស្ត្រថាតើដាក់ការគាបសង្កត់ប៉ុន្មាន ដើម្បីឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធរបស់ខ្លួននោះ។ មេដឹកនាំទាំង២ក៏បានរិះគន់ទស្សនៈវិស័យខ្លះៗនៃកិច្ចសហប្រតិបត្តិការខាងវិស័យការពារប្រទេសរបស់ប្រទេសទាំង២។ ក៏ប៉ុន្តែ កាលពីថ្ងៃសុក្រម្សិលមិញ មេដឹកនាំទាំង២ក៏បានបង្ហាញនូវភាពសាមគ្គីភាពគ្នាផងដែរ៕
មតិយោបល់