ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង៖ នឹងមិនមានសកម្មភាពយោធា នៅលើឧបទ្វីបកូរ៉េ ដោយគ្មានការយល់ព្រមពីក្រុងសេអ៊ូលទ្បើយ

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៅថ្ងៃអង្គារនេះ បាននិយាយថា នឹងមិនមានសកម្មភាពយោធា នៅលើឧបទ្វីបកូរ៉េទ្បើយ ប្រសិនបើគ្មានការយល់ព្រមពីក្រុងសេអ៊ូលនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។

លោក Moon បាននិយាយថា «ការអនុញ្ញាតឲ្យមានសកម្មភាពយោធា នៅលើឧបទ្វីបកូរ៉េ គឺមានតែកូរ៉េខាងត្បូងប៉ុណ្ណោះ ទើបជាអ្នកអាចសម្រេចកិច្ចការនេះបាន ហើយក៏គ្មាននរណាម្នាក់ អាចសម្រេចធ្វើវាដោយគ្មានការយល់ព្រមពីកូរ៉េខាងត្បូងបានឡើយ»។

ការថ្លែងយ៉ាងដូច្នេះរបស់លោកប្រធានាធិបតី បានធ្វើទ្បើងនៅក្នុងសុន្ទរកថាប្រចាំឆ្នាំ ក្នុងពិធីរំលឹកខួបលើកទី ៧២ នៃការរំដោះជាតិចេញពីការគ្រប់គ្រងរបស់ជប៉ុន ដែលបានចាប់ផ្តើមនៅឆ្នាំ ១៩១០ និងបានបញ្ចប់នៅឆ្នាំ ១៩៤៥ ។

លោក Moon បានបន្ថែមថា «រដ្ឋាភិបាលនឹងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីរារាំងសកម្មភាពបង្កហេតុណាមួយ ដែលអាចឈានទៅរកការផ្ទុះសង្គ្រាម»។

ក្នុងនោះលោក Moon ក៏បានទទូចដល់កូរ៉េខាងជើង ឲ្យចូលតុចរចា ដើម្បីដោះស្រាយបញ្ហាជម្លោះនានា ហើយលោកក៏បានអះអាងផងដែរថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាងកន្លងមក មានគោលបំណងតែមួយគត់ប៉ុណ្ណោះ គឺដើម្បីធ្វើឲ្យរបបមួយនេះ យល់ព្រមលុបបំបាត់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ដោយដើរចូលតុពិភាក្សាគ្នា៕

មតិយោបល់